រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ ទៅបុកចូលតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់មួយកន្លែង បណ្ដាលឲ្យបែកចានឆ្នាំងកៅអីខ្ទាតរាយប៉ាយ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។


មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿង ម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-5162 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ១៨២ ក្នុងល្បឿនលឿនមធ្យម ។ តែប្រហែលស្រវឹងខ្លាំងពេក មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន ស្រាប់តែរថយន្តរេចង្កូតទៅខាងស្តាំដៃឡើងលើខឿនចិញ្ចើមផ្លូវ ទៅបុកចូលតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់ បណ្ដាលឲ្យបាក់បែកចានឆ្នាំងកៅអីខ្ទាតរាយប៉ាយ ហើយរថយន្តខូចខាតបន្តិចបន្តួច តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ភ្លាមៗនោះ ក៏មានដំណាងភាគីខាងរថយន្តបង្ក បានចូលខ្លួនមកធ្វើការដោះស្រាយគ្នា ជាមួយម្ចាស់តូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត បានចេញសំណងចំនួន២០០ដុល្លារ ឲ្យទៅភាគីខាងម្ចាស់តូប ដើម្បីបញ្ចប់រឿង៕