រាជធានីភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរជាយូរមកហើយ បន្ទាប់ពីហូបបាយរួច ស្រាប់តែប្រកាច់ចេញឈាមតាមមាត់ និងច្រមុះ ស្លាប់ភ្លាមៗ បន្ទាប់ពីហូបបាយរួច កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនច្បារមាត់ទន្លេផ្លូវព្រស៊ីសុវត្ថិ កែងផ្លូវ១៧៨ ក្នុងភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។
សពបុរសអនាថាខាងលើ ឈ្មោះ លាភ អាយុ២៨ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងបុរសម្នាក់ទៀត ដែលស្គាល់គ្នា បានហូបបាយរួមគ្នា នៅលើបង់លើសួនច្បារមាត់ទន្លេ។ បន្ទាប់ពីហូបរួច បុរសដែលស្គាល់គ្នានោះ បានចុះទៅមាត់ទន្លេ ។ មួយសន្ទុះក្រោយមក ក៏បានឡើងមកកន្លែងហូបបាយរួមគ្នាវិញ ស្រាប់តែឃើញជនរងគ្រោះ ដេកផ្កាប់មុខ និងមានឈាមហូរចេញតាមមាត់ និងច្រមុះយ៉ាងច្រើន មិនដល់កន្លះម៉ោងផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យដល់កន្លែងកើតហេតុ និងបានសន្និដ្ឋានថា ជនរងគ្រោះសង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ទើបបានជាបន្ទាប់ពីហូបបាយរួច ស្រាប់តែប្រកាច់ចេញឈាមតាមមាត់ និងច្រមុះ ស្លាប់ភ្លាមៗ បែបនេះ ៕