ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីម្នាក់ បានយកអង្រឹងទៅចងជាមួយនឹងជើងតាំងថ្ម ដើម្បីដេកលេង លុះពេលនាងយោងអង្រឹងខ្លាំង ស្រាប់តែជើងតាងនោះរលំសង្កត់ត្រូវក្មេងស្រីខាងលើ បណ្តាលឲ្យស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។ ហេតុការណ៍សោកនាដកម្មនេះ កើតឡើងកាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។


ក្មេងស្រីរងគ្រោះដែលជើងតាងថ្មរលំសង្កត់ស្លាប់នេះ មានឈ្មោះទិត ស្រីនិច អាយុ១០ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ មានឪពុកឈ្មោះ សេង សុភា អាយុ៤១ឆ្នាំ និងម្តាយឈ្មោះ ប៉ិច គឹមយ៉ីន អាយុ ៤០ឆ្នាំ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានយកអង្រឹងទៅចងភ្ជាប់សសរជើងតាងដែលទុកនៅកៀនផ្ទះដើម្បីដេកលេង។ ពេលនោះ ក្មេងស្រីរងគ្រោះ បានយោងអង្រឹងខ្លាំងៗ បណ្តាលឲ្យដួលជើងតាងថ្មនោះ សង្កាត់ចំពីលើក្មេងស្រីរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍តែម្តង។


ក្រោយពីកើតហេតុ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ កម្លាំងនគរបាលជីរោទិ៍ទី២ គ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ បានចុះទៅពិនិត្យលើសពក្មេងស្រីរងគ្រោះ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយសាររលំជើងតាងថ្មសង្កត់ស្លាប់ពិតប្រាកដមែន បន្ទាប់មក ក៏ធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕