រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ដូងម្នាក់ ថ្ងៃរះខ្ពស់ហើយ មិនឃើញក្រោកពីដំណេក កូនប្រុសបានឡើងទៅដាស់ ទើបដឹងថា ឪពុកស្លាប់ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្សារដីថ្មីភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
សាកសពជនរងគ្រោះមានឈ្មោះ ស៊ឹម វណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ដូង ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិត្រពាំងខ្មែល ឃុំម្រោម ស្រុក
អង្គរជ័យ ខេត្ដកំពត ។

យុវជនឈ្មោះ ស៊ឹម លីហ៊ី អាយុ១៩ ឆ្នាំ ជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០ និង ០០នាទី ជនរងគ្រោះត្រូវជាឪពុករបស់ខ្លួន បានចូលដេកធម្មតា ហើយខ្លួនក៏បានឡើងទៅដេកជាមួយឪពុកដែរ លុះដល់វេលាម៉ោង៦ និង ៣០នាទីព្រឹក ខ្លួនបានក្រោកឡើងទៅរៀន ស្រាប់តែមិនឃើញឪពុកក្រោកទៅលក់ដូង ឌូចសព្វដង ខ្លួនបានដាស់ ទើបដឹងថា ឪពុកស្លាប់ ខ្លួនក៍ស្រែកយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះទៅពិនិត្យសាកសព រួចក៏បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ខ្យល់គរ ពិតប្រាកដមែន មិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ និងបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕