រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយនូវការសម្រេចចិត្តរបស់សម្តេចថា សម្តេចទាត់ចោលនូវសំណើរបស់ក្រសួងសុខាភិបាល ដែលចង់ឲ្យបេក្ខជនដែលត្រូវប្រឡងចូលបម្រើការងាររដ្ឋ ពិនិត្យសុខភាពជាមុនសិន ទើបមានសិទ្ធិចូលប្រឡងបាននោះ ដោយសារតែសំណើនេះ ជាការបង្កើននូវបន្ទុកបន្ថែម ដល់អ្នកដែលចង់ចូលបម្រើការងាររដ្ឋ ហើយជាវិធីដែលបង្កើតឲ្យមានការប្រព្រឹត្តអំពើពុករលួយផងដែរ។។


ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងទៅនេះខ្ញុំមិនយល់ស្រប ចំពោះសំណើរបស់ក្រសួងសុខាភិបាល ដែលបានស្នើឡើងដើម្បីសុំឲ្យមានការត្រួតពិនិត្យ ទៅលើអ្នកដែលត្រូវប្រឡងចូលក្របខណ្ឌរដ្ឋ អីចឹងទេខ្ញុំមិនយល់ស្រប ព្រោះនេះជាការបង្កើតបន្ទុកបន្ថែម ទៅលើបេក្ខជនដែលត្រូវប្រឡងចូល។…ជួនកាលការពិនិត្យសុខភាព ជាការបង្កើតដើម្បីសេវារកលុយ ដែលនេះជាការគួរឲ្យខ្លាច មិនមែនជំងឺទេ អ្វីដែលគួរឲ្យខ្លាច គឺជំងឺពុករលួយ»។
សម្តេចជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលដែលបេក្ខជនប្រឡងជាប់បម្រើការងារក្នុងក្រសួងស្ថាប័នណា ក្រសួងស្ថាប័ននោះនឹងយកចិត្តទុកដាក់ លើបញ្ហាសុខភាពរបស់មន្ត្រីរបស់ខ្លួនជាក់ជាមិនខាន៕