រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌បានបើកកិច្ចប្រជុំពិនិត្យភាក្សាសំណើសុំលើកលែងទណ្ឌិតចំនួន៥១២នាក់ សម្រាប់ពិធីបុណ្យអុំទូក។

យោងតាមមន្ត្រីក្រសួងយុត្តុិធម៌បានឲ្យដឹងថានៅរសៀលទី២១ ខែតុលា នេះ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីរស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក (តាំងតុ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ១០~១១ និង១២ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ខាងមុខនេះ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថាកិច្ចប្រជុំពិនិត្យ លើបញ្ជីរស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគាររាជធានី~ខេត្ត ចំនួន២៣ និងពីមណ្ឌលអប់រំកែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ៥១២ នាក់ (ស្រី ៥៨ នាក់) ។

លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ធ្លាប់បានឲ្យដឹងថាការលើកលែងទោសនេះ គឺផ្តោតសំខាន់លើទណ្ឌិតណាដែលបានកែប្រែខ្លួនបានល្អ តាមបណ្តារាជធានី ខេត្តក្រុង ដែលគាត់ជាគម្រូនៅក្នុងពន្ធនាគារ ហើយបានអនុវត្តស្របតាមបទដ្ឋាននៅក្នុងពន្ធនាគារ ដែលធ្វើឱ្យខាងពន្ធនាគារស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស៕