ខេត្តកណ្តាល៖ បុរសម្នាក់សង្ស័យតែមានបញ្ហាសតិ ឬចង់ដេកគុកលេង បានជាយកកាំបិតប៉័ងតោសៀតនឹងចង្កេះធ្វើដូចតួឯកទិនហ្វី ក្នុងរឿង០០៧ ដើរចូលអុកឡុកក្នុងវង់រាំធុងបាស់ ក្នុងវត្តយ៉ាងសម្បើមដៃ តែដឹងអី! ត្រូវកម្លាំងសមត្ថកិច្ចដែលយាមកាមនៅទីនោះ ប្រទះឃើញ ក៏ចាប់ក្របួចដាក់ខ្នោះដៃនាំមកប៉ុស្តិ៍ ចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។


ជនសង្ស័យដែលសៀតកាំបិតប៉័ងតោនឹងចង្កេះ ចូលអុកឡុកវង់រាំធុងបាស់ នៅក្នុងវត្តនេះ មានឈ្មោះហៀង ថេងអៀង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ដកហូតកាំបិតប៉័ងតោចំនួន១ និងថ្មសំលៀងកាំបិតចំនួន១ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះហៀង ថេងអៀង បានផឹកស្រាស្រវឹងជោកជាំ ហើយមានសៀតកាំបិតប៉័ងតោនៅនឹងចង្កេះ រួចដើរអុកឡុកក្នុងពិធីរាំធុងបាស់នៅក្នុងវត្តព្រៃចាស់។ ពេលនោះកម្លាំងប្រជាការពារភូមិ រួមជាមួយប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ ដើម្បីអន្តរាគមន៍។


ប្រភពបន្តថា ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍បានទៅឃាត់ខ្លួនឈ្មោះហៀង ថេងអៀង រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីមានវិធានការ និងស្នើសុំគោលការណ៍អប់រំ តែក្នុងករណីមិនកែខ្លួន បើសមត្ថកិច្ចចាប់ខ្លួនបានជាលើកទី២ មិនមានសំណាងបានត្រឡប់ទៅផ្ទះវិញ ដោយងាយស្រួលបែបនេះទេ៕