ខេត្តសៀមរាប៖ ករណីហិង្សា ភាគីម្ខាងមានគ្នា៣នាក់ផឹកស្រវឹង ទៅរករឿងភាគីម្ខាងទៀតដែលមានគ្នា១០នាក់ ត្រូវភាគីមានគ្នា១០នាក់នោះ ដេញវាយតបវិញ បណ្តាលឲ្យយុវជនម្នាក់ធ្លាក់ចូលទឹកស្លាប់ និង២នាក់ទៀតរងរបួស។ ហេតុការណ៍បង្កហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចលូក្រប៉ៅទំនប់៧៨ ខាងលិចភ្នំក្រោម ស្ថិតក្នុងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។


មុនពេលកើតហេតុ ភាគីយុវជនម្ខាង ដែលមានគ្នា៣នាក់ បានផឹកស្រវឹង រួចនិយាយដៀមដាម ហើយថែមទាំងគប់សំបកកំប៉ុងស្រាបៀរ ទៅភាគីម្ខាងទៀតដែលមានគ្នា១០នាក់ បណ្ដាលឲ្យកើតជម្លោះ ហើយត្រូវភាគីមានគ្នា១០នាក់នោះ ដេញវាយតបវិញ បណ្តាលឲ្យយុវជនម្នាក់ធ្លាក់ចូលទឹកស្លាប់ និង២នាក់ទៀតរងរបួស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក១០នាក់ ប៉ុន្តែមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យម្នាក់នោះទេ ។ ដោយឡែក អ្នកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕