ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅសួនច្បាសម្តេច ជា ស៊ីម (ស្តូប) មន្រ្តីរាជការ កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត បានប្រារព្ធពិធីគោរពវិញ្ញាណខន្ធគម្រប់ ៧ ឆ្នាំ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយ ព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១h: ២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន។ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីរាជការ កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋដែលជាប្រជារាស្រ្តរបស់ព្រះអង្គទូទាំងខេត្ត បានអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅសួនច្បាសម្តេច ជា ស៊ីម (ស្តូប) នេះ។

ប្រជាពលរដ្ឋទូទាំងខេត្តបានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។
នៅក្នុងឱកាសនោះដែក៏មាននិមន្តព្រះសង្ឃបង្សុកូលដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនោះផងដែ៕