ខេត្តកណ្តាល៖ បុរសម្នាក់តែងផឹកស្រាស្រវឹងជោកជាំជាប្រចាំ ហើយបានរករឿងឈ្លោះជាមួយនារីជាប្រពន្ធឥតស្វាង រហូតនាងទ្រាំរស់នៅជាមួយនឹងប្តីស្រវឹងខួបនេះលែងបាន ក៏វេចបង្វេចចុះចេញពីផ្ទះបាត់ទៅ ស្រាប់តែពេលនោះ បុរសជាប្តីឈឺចិត្តស្អិតទ្រូងលែងចង់រស់តទៅទៀត ក៏បានយកខ្សែមកចង.ក បណ្តាលឲ្យស្លាប់បានសម្រេចយ៉ាងអាណោចអាធ័ម។
ករណីចង.កធ្វើអត្តឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង១០នាទី ថ្ងៃ‌ទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ។
ជនរងគ្រោះ‌ដែលគិតខ្លីចង.កសម្លាប់ខ្លួននេះ មានឈ្មោះវឿន ណន ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករធ្វើបង់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។


ស្រ្តីឈ្មោះ ដុំ សឹង អាយុ៦៥ឆ្នាំ មុខរបរកសិករ ជាម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនប្រុសគាត់ (ជនរងគ្រោះ) បានផឹកស្រាស្រវឹង ហើយមករករឿងប្រពន្ធ។ ពេលនោះប្រពន្ធបានរត់ចេញពីផ្ទះ ទៅបាត់ទៅ មិនដឹងថាទៅណានោះទេ។ រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១៩យប់ គាត់បានទៅហៅជនរងគ្រោះដែលត្រូវជាកូនហៅមកហូបបាយ តែមិនឮមាត់ជនរងគ្រោះឆ្លើយសោះ គាត់ក៏ដើរទៅផ្ទះជនរងគ្រោះ ហើយរុញទ្វារផ្ទះចូលទៅ ស្រាប់តែឃើញជនរងគ្រោះចងកនឹងឃ្នៀបផ្ទះស្លាប់បាត់ទៅហើយ។


ស្ត្រីជាម្តាយបញ្ជាក់ថា កន្លងមក កូនប្រុសគាត់ មានបំណងចង់សម្លាប់ខ្លួនជាច្រើនលើកច្រើនសាមកហើយ តែត្រូវក្រុមគ្រួសារឃើញ និងជួយសង្គ្រោះទាន់ពេលជានិច្ច ទើបតែលើកនេះ កូនប្រុសគាត់ចង.ក ធ្វើអត្តឃាតបានសម្រេចតែម្តង ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចអន្តរាគមន៍តែម្តង។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យលើជនរងគ្រោះឃើញថាពុំមានស្លាកស្នាមអី្វផ្សេងទេ ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក មែនមិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ។ សពជនរងគ្រោះ បានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕