ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចថៃ ដើម្បីតាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ ក្រោយតុលាការចោទប្រកាន់សកម្មជនរូបនោះថា ជាមេខ្លោងនៅពីក្រោយការឃោសនា ញុះញង់ឱ្យសកម្មជនគណបក្សប្រឆាំងដើរបំផុសបំផុលប្រជាពលរដ្ឋឱ្យងើបបះបោរធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល។ ស្របពេលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅថៃនេះ សមត្ថកិច្ចរបប លោក ហ៊ុន សែន ក៏បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់បន្ថែមទៀត។


ថ្មីៗនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចថៃ ដើម្បីចាប់ខ្លួនលោក ម៉ន ផល្លា អតីតប្រធានប្រតិបត្តិរបស់អតីតគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងលាក់ខ្លួននៅប្រទេសថៃ ហើយថា ក្រៅពីស្វែងរកចាប់ខ្លួនលោក ម៉ន ផល្លា សមត្ថកិច្ចក៏នឹងអាចចាប់ខ្លួនអ្នកផ្សេងទៀតដែលមានប្រព្រឹត្តបទល្មើសដូចលោក ម៉ន ផល្លា នោះដែរ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ម៉ន ផល្លា ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគំនិតរបស់លោក សម រង្ស៊ី។


សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា ការចោទប្រកាន់លោក ម៉ន ផល្លា ដោយសារតែចម្លើយសារភាពរបស់សកម្មជនគណបក្សសង្គ្រោះជាតិពីររូប ដែលនិយាយថា លោក ម៉ន ផល្លា ជាមេខ្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឱ្យទាំងពីរនាក់ដើរបំផុសបំផុលប្រជាពលរដ្ឋងើបបះបោរប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។
ក្រៅពីការតាមចាប់ខ្លួនលោក ម៉ន ផល្លា ដល់ប្រទេសថៃ កាលពីថ្ងៃទី១២ ខែតុលា សមត្ថកិច្ច ក៍បានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ ប៉ែន មុំ ហៅស្រីមុំ នៅស្រុកឈូក ខេត្តកំពត ពាក់ព័ន្ធរួមគំនិតក្បត់ជាតិ ខណៈសមត្ថកិច្ចខេត្តបាត់ដំបង ក៏បានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ម្នាក់ទៀតគឺ លោក ឡី សុខុន ជាសមាជិកក្រុមការងារខេត្តបាត់ដំបង នៃគណបក្សសង្គ្រោះជាតិ ពីបទចោទដូចគ្នា នេះដែរ។
គិតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងចំនួន៤០នាក់ហើយ៕