រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១២​ថ្ងៃ​ទី ១៤​តុលា ឆ្នាំ​២០១៩​នេះ បាន​សម្រេច ចេញ​ដីការ​ឲ្យ​ឃុំខ្លួន ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​លួច​ផលិត​ឱសថ​គ្មាន​គុណភាព ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា ដាក់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ។

ការ​សម្រេច​ឃុំខ្លួន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​អយ្យការ​ចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ មានឈ្មោះ រ៉ូ​យ៉ា​ល់ បា​ទិ​ក ភេទ​ប្រុស ជនជាតិ​ឥណ្ឌា ពី​បទ​ផលិត​ឱសថ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​៥៩ នៃ​ច្បាប់​ស្ដី​ពី​ស្តង់ដា​កម្ពុជា ។

ជនជាប់ចោទ​ជា​ម្ចាស់​សហគ្រាស​ផលិត​ឱសថ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ទីតាំង​មួយទៀត ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខណ្ឌ​កំ​បូល ផ្លូវជាតិ​លេខ​៤ ។

សូម​រម្លឹក​ថា ជន​ត្រូវ​ចោទ រ៉ូ​យ៉ា បា​ទិ​ក ត្រូវ​បាន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ១១​តុលា ឆ្នាំ​២០១៩​នេះ នៅ​ក្នុង​សហគ្រាស​ផលិត​ឱសថ នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ បន្ទាប់​មក​ព្រះរាជអាជ្ញា​អម​តុលាការ បាន​ដឹកនាំ​ការ​ត្រួតពិនិត្យ​កន្លែង​ផលិត​ឱសថ​របស់​គាត់ មួយ​កន្លែង​ទៀត នៅ​ក្នុង​ខណ្ឌ​កំ​បូល​ក្នុង​តំ​នប់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ៕