ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុស២នាក់បងប្អូនជីដូន១នឹងគ្នា គ្រាដែលឪពុកម្តាយធ្វើចំណាកស្រុកចេញទៅធ្វើការរកប្រាក់នៅប្រទេសថៃ បានផ្ញើទុកជាមួយនឹងជីដូនជួយមើលថែ តែអកុសល ខណៈដែលស្រ្តីជាជីដូនទៅទិញម្ហូប ស្រាប់តែក្មេងប្រុសទាំង២ បាននាំគ្នាចុះងូតទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីក្មេង២នាក់បងប្អូនជីដូនមួយគ្នា លង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ចំណុចប្រឡាយទឹកខាងកើតផ្ទះរបស់ឈ្មោះព្រីង ដុង ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាយាយជនរងគ្រោះទាំង២នាក់ នៅភូមិកម្រ៉ែង ឃុំស្វាយស។


ក្មេងរងគ្រោះ មានឈ្មោះ វី សុទ្ធ ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ស វី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ យ៉ុង ធិប អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ចេញទៅធ្វើកម្មករនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធ។ និងក្មេងរងគ្រោះម្នាក់ទៀត មានឈ្មោះ ដន សំណាង ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ដន អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ស សារី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ចេញទៅធ្វើកម្មករនៅប្រទេសថៃទាំងពីរនាក់ប្តីប្រពន្ធ។


តាមសម្តីរបស់ស្រ្តីឈ្មោះ ព្រីង ដុង ជាជីដូនរបស់ក្មេងរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ចៅប្រុសទាំង២នាក់(ក្មេងរងគ្រោះ) ត្រូវបានគាត់មើលថែមួយរយៈមកហើយ ដោយសារឪពុកម្តាយពួកគេចេញទៅធ្វើការរកប្រាក់នៅឯប្រទេសថៃ។ មុនពេលកើតហេតុ គាត់បានទៅទិញម្ហូប ដោយឲ្យពួកគេនៅចាំផ្ទះជាមួយចៅម្នាក់ទៀត លុះពេលគាត់ត្រឡប់មកវិញ ស្រាប់តែបាត់ចៅប្រុសទាំង២នាក់ ទើបមានចិត្តសង្ស័យ គាត់បានចុះទៅរាវក្នុងទឹកប្រឡាយ ក៏ប្រទះឃើញសពចៅប្រុសទាំង២នាក់ លង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យសពក្មេងប្រុសរងគ្រោះ ឃើញថា ពួកគេពិតជាស្លាប់ដោយសារលង់ទឹកមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេ ហើយបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕