ភ្នំពេញ៖ បុរសម្នាក់ គ្រាន់តែគេបើកម៉ូតូកាត់មុខបន្ទប់សោះ ស្រាប់តែខឹងច្រឡោតដាច់ក្បាលដាច់កន្ទុយ បានយកដាវសាមូរ៉ៃ ដេញកាប់សម្លាប់គេយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។
កំពូលអ្នកលេងក្រយៅដេកគុកនេះ មានឈ្មោះសេន អាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែកជនរងគ្រោះឈ្មោះព្រឿង ប៉ុណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ ៣៣ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបប្អូនថ្លៃ ទៅធ្វើការរោងចក្រដូចសព្វដង ។ លុះពេលត្រឡប់មកវិញ ក៏បានជិះកាត់មុខបន្ទប់ជួលជនសង្ស័យ ស្រាប់តែពេលនោះ ជនសង្ស័យបានខឹងច្រឡោត ដោយចោទជនរងគ្រោះថា ជិះម៉ូតូបម្រុងបុកខ្លួន រហូតទាក់ពាក្យសម្តីគ្នា ។ ពេលនោះ ជនសង្ស័យបានរត់ចូលបន្ទប់ខ្លួន ហើយទាញដាវសាមូរ៉ៃ មកធាក់ទ្វារជនរងគ្រោះ បំណងកាប់ប្រហារជនរងគ្រោះ តែត្រូវប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់នគរបាលជួយអន្តរាគមន៍ទាន់ពេល។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការចាប់ខ្លួនជនសង្ស័យ និងដកហូតដាវសាមូរ៉ៃ១ដើមនាំទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕