រាជធានី​កណ្ដាល ៖ ក្រោយ​ពី​បញ្ចប់​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល រយៈពេល​២​ថ្ងៃ ទី​១២-១៣ តុលា ២០១៩​នេះ នៅ​ព្រលឹម​ថ្ងៃ​ទី​១៤ តុលា​នេះ ក្រុម​អនាម័យ​ក្រុង​តា​ខ្មៅ​ជិត​៣០​នាក់ ចាប់ផ្ដើម​សម្អាត​បរិស្ថាន នៅ​តាម​បណ្ដោយ​សួនច្បារ​មាត់ទន្លេ សួនច្បារ​មាត់​ស្ទឹង សំអាត​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន ដែល​មាន​សំរាម​ច្រើន​ស្កេ​ក​ស្កះ ដែល​កើត​មាន​ដោយ​បងប្អូន ដែល​មក​ទស្សនា​ពិធីបុណ្យ​អុំទូក មិន​បាន​ទុកដាក់​សំរាម​ត្រឹមត្រូវ ។

អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្តជា​ខ្លាំង​នោះ​(​ដូច​ក្នុង​រូបភាព​) បើ​ទោះបីជា​មាន​ថង់​សម្រាប់​វេច​ខ្ចប់​ដាក់​សំរាម​ឲ្យ​បាន​ល្អ​មាន​សណ្ដាប់ធ្នាប់ ដើម្បី​ងាយ​ប្រមូល​ក្តី ក៏​មាន​បងប្អូន​មួយ​ចំនួន​តូច ចោល​សំរាម​ក្រៅ​ធុង​ដែរ ធ្វើ​ឲ្យ​សំរាម​រប៉ាត់រប៉ាយ​ជាដើម ។ ប្រជាពលរដ្ឋ​ខ្លះ​មាន​ច​ម្ង​ល់​ថា ហេតុ​អី​ក៏​បងប្អូន​ខ្មែរ​យើង នៅ​តែ​បន្ត​ធ្វើ​រឿង​ដដែល​បែប​នេះ ?

ទន្ទឹម​នេះ​ដែរ អ្នក​ដែល​មក​ប្រមូល​សំរាម​នៅ​ក្រុង​តា​ខ្មៅ ក៏​អំពាវ​ដែរ​ជុំវិញ​ឥរិយា​បទ​ពលរដ្ឋ​យើង​មួយ​ចំនួន​តូច ខ្វះ​ការ​សហការ​ពី​ការ​ទុកដាក់ និង​ចោល​សំរាម​ផ្ដេសផ្ដាស ហើយ​ក៏​សំណូមពរ​ពលរដ្ឋ​ទាំងអស់​ដែល​មក​លេង​កម្សាន្ត ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន កុំ​ចោល​សម្រាម​ផ្ដេសផ្ដាស ពិសេស​សូម​រក្សា​ភាព​ថ្លៃថ្នូរ​ទាំងអស់​គ្នា ។ សង្ឃឹមថា ពលរដ្ឋ​យើង​នឹង​ចាប់ផ្ដើម​ភ្ញាក់ខ្លួន និង​កែ​ឥរិយាបថ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ដើម្បី​ជា​គំរូ​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​មុខមាត់​ប្រទេស​យើង​ផង​ដែរ ៕