ខេត្តកំពង់ស្ពឺ៖ រថយន្តស៊េរីទំនើប១គ្រឿង បើកបរបោះពួយយ៉ាងលឿនដូចហោះ មិនដឹងជាប្រញាប់ទៅណាឡើយ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគោយន្តសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញ បណ្តាលឲ្យអ្នកមនុស្សជិះនៅលើគោយន្តចំនួន៨នាក់ រងរបួសធ្ងន់ស្រាល ដេកដួលនៅកន្លែងកើតហេតុ ឲ្យរដូករណែល។


គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង១០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ 109-110 ស្ថិតក្នុងភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកToyota Revo មួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-5125 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( ចុះរត់គិចខ្លួនបាត់ ) បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីកើត ទៅទិសខាងលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្ន បានបុកគោយន្ត១គ្រឿង ម៉ាកគូបូតា ពណ៌ក្រហម មានសណ្តោងរ៉ឺម៉ក ពីក្រោយពេញទំហឹង បណ្តាលឲ្យរបួសមនុស្សជិះនៅលើគោយន្តនោះចំនួន៨នាក់ រងរបួសធ្ងន់ស្រាលទាំងអស់ ដេកដួលនៅកន្លែងកើតហេតុឲ្យរដូកណែល។


ជនរងគ្រោះក្នុងហេតុការណ៍នេះ ទី១-ឈ្មោះ សេន វិបុល ភេទប្រុស អាយុ២៩ឆ្នាំ អ្នកបើកបរគោយន្ត រងរបួសធ្ងន់ ទី២-ឈ្មោះលី មុំ ភេទប្រុស អាយុ៤៩ឆ្នាំ រងរបួសធ្ងន់ ទី៣-ឈ្មោះសួន ណេន ភេទស្រី អាយុ៥០ឆ្នាំ របួសធ្ងន់ ទី៤-ឈ្មោះមឿន គា ភេទស្រី អាយុ៥0ឆ្នាំ របួសធ្ងន់ ( បាក់ជើងស្តាំ)
ទី៥-ឈ្មោះឈឺន ឡន ភេទប្រុស អាយុ៥៩ឆ្នាំ របួសធ្ងន់ ទី៦-ឈ្មោះ កែវ ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ របួសធ្ងន់ ទី៧-ឈ្មោះកង កាន ភេទប្រុស អាយុ៤៩ឆ្នាំ របួសស្រាល។ អ្នកទាំងអស់ រស់នៅភូមិថ្នល់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ និងទី៩-ឈ្មោះសេន ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ របួសធ្ងន់ ។ ជនរងគ្រោះត្រូវបានបញ្ជូនតាមតាមរថយន្តសង្គ្រោះទៅមន្ទីពេទ្យបង្អែកឧដុង្គ និងអ្នករងរបួសស្រាល បញ្ជូនទៅមណ្ឌលសុខភាពមនោ រុងរឿង ។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធី ៕