ខេត្តកណ្តាល៖ បុរសម្នាក់មកចូលរួមកម្មវិធីទម្លាក់ចង្ក្រានកូនមិត្តភក្តិ ផឹកបៀរស្រវឹង លុះត្រឡប់មកវិញ បើករថយន្តឆ្លងដរ ជ្រុលចង្កូតធ្លាក់ទឹកទន្លេបាសាក់ តែសំណាងល្អ អ្នកបើករថយន្តបានចេញតាមកញ្ចក់ទ្វារមុខ ហែលឡើងគោករួចខ្លួន ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកំពង់ចម្លងព្រែតាជ្រូក-ព្រែកយូហឹង (ក្បាលកោះ) ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ។
អ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ ឯម វិច្ឆិការ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ ជាងជួសជុលរថយន្ត ឈ្មោះ ឯម វិច្ឆិកា បើកបររថយន្តម៉ាក សឺដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2A-1782 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងចេញពីកម្មវិធីទន្លាក់ចង្ក្រានកូនរបស់មិត្តភក្តិ ឈ្មោះ កុយ ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ដោយបានផឹកស្រាបៀរ អស់ចំនួន៤ទៅ៥កំប៉ុង រួចហើយបានបើកបររថយន្តត្រឡប់មកផ្ទះវិញ ។ លុះមកដល់កំពង់ចម្លងព្រែកតាជ្រូក ត្រើយខាងកើត ហៅដរក្បាលកោះ ក៍រៀបចំចុះទូកដរ ។ ពេលនោះអ្នកបើកទូកដរ បានបើកទូកដរមកដល់ ចងខ្សែ-ដាក់ក្ដារ និងយកកំណល់កល់កង់មុខរថយន្តរួច ក៏ឈរបញ្ជារឲ្យរថយន្តចុះទូក ភ្លាមនោះអ្នកបើករថយន្តបានបើកចុះស្មានល្បឿនមិនត្រូវ ក៏ជ្រុលទៅរុញកំណល់ដែលកល់កង់រថយន្តខាងមុខ ធ្លាក់ទឹកទន្លេបាសាក់ទាំងកំណល់ ទាំងរថយន្តតែម្ដង តែភ្លាមៗនោះ អ្នកបើករថយន្តស្ទុះចេញតាមកញ្ចក់ទ្វារមុខមកក្រៅរថយន្ត ហើយហែលឡើងគោករួចខ្លួន ។ ចំណែករថយន្តលិចទៅក្នុងបាតទន្លេបាត់ទៅ ហើយនៅក្នុងរថយន្តនោះ មានប្រាក់អាមេរិក ១៥០០ដុល្លារ ប្រាក់ខ្មែរ ចំនួន២០០០០រៀល និងធុងបាស់GLDចំនួន០១គ្រឿង ។

លុះព្រឹកឡើងភ្លឺ ម្ចាស់រថយន្ត បានជួលគេឲ្យស្រង់រថយន្តខ្លួនឡើងលើគោកវិញ ។
សមត្ថកិច្ចសន្និដ្ឋានថា៖ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តផឹកគ្រឿងស្រវឹង និងមានការធ្វេសប្រហែល ខ្ចីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តធ្លាក់ទឹក ព្រោះពេលនោះមេឃទើបភ្លៀងរួច ក្ដារផែនិងក្ដារទូកសើម រួមជាមួយកង់រថយន្តជាប់ដីផង ទើបមានភាពងាយស្រួលក្នុងការរអិលរថយន្តធ្លាក់ចូលទឹកទន្លេបែបនេះ៕