ភ្នំពេញ: អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលែងកន្ធាយពីរប្រភេទ (រួមមានកន្ធាយអាស៊ី ៤ក្បាល និងកន្ធាយក្បាលកង្កែប ឬល្មិច ១ក្បាល) ចូលក្នុងជម្រកធម្មជាតិនៃទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ។

យោងតាមហ្វេសប៊ុករបស់ WCS នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៩បានឲ្យដឹងថា ពិធីលែង កន្ធាយនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ លោក អ៊ុក វិបុល តំណាងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាង ACCB ខណ្ឌរដ្ឋបាលជលផល តំណាងអង្គការ WCS និងប្រជាសហគមន៍ការពារសំបុក កន្ធាយក្បាលកង្កែប។

WCS បន្ថែមថា កន្ធាយអាស៊ីទាំងនេះ ត្រូវបានប្រគល់ជូនដោយមជ្ឈមណ្ឌល ACCB បន្ទាប់ពីបានទទួលការព្យាបាលនិងថែទាំអស់រយៈពេល ៧ខែនៅក្នុងមណ្ឌល។ ចំណែកឯល្មិច ត្រូវប្រជានេសាទប្រទះឃើញជាប់ផ្លែសន្ទូច និងបានយកមកប្រគល់ជូនមជ្ឈមណ្ឌល ACCB តាមរយៈអង្គការ WCS ដើម្បីសង្គ្រោះ៕