នៅពេលដែលពស់ចឹកម្ដងៗ យើងទាំងអស់គ្នាតែងតែស្វែងរកវិធីផ្សេងៗដើម្បីជួយសង្រ្គោះ ឬក៏បញ្ចូនទៅមន្ទីរពេទ្យ។ ក៏ប៉ុន្តែទន្ទឹម នឹងការជួយសង្គ្រោះមានបងប្អូនតិចណាស់ដែលដឹងពីរបៀបរបបអនុវត្តន៏បានត្រឹមត្រូវ ហើយមានបងប្អូនមួយចំនួនទៀតដោយគ្រាន់តែលឺតៗគ្នា ហើយពុំបានដឹងថាវាអាចប៉ះពាល់ដល់អ្វីខ្លះនោះទេ។

ដូចច្នេះហើយក្នុងថ្ងៃនេះដែរ ក្រុមការងាររបស់យើង នឹងធ្វើការណែនាំពីអ្វីដែលគួរធ្វើ នឹងអ្វីដែលមិនគួរធ្វើឲ្យបានក្បោះក្បាយ ដើម្បីទុកជាចំនេះដឹងធ្វើការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាព។

១/.​ វិធីសាស្ត្រដែលហាមអនុវត្តន៍ជាដាច់ខាត នៅពេលមានពស់ចឹក៖
-មិនត្រូវយកទឹកកក មកស្អំលើស្នាមចង្កូមពស់ទេ
-មិនត្រូវយកដែកកេះ ឬភ្លើងមកអុជ ឬដុតបរិវេណចង្កូមពស់
– មិនត្រូវយកថ្នាំជក់ ស្លឹកថ្នាំបុរាណ មកលាបបិទស្នាមចង្កូមពស់ចឹកទេ
– មិនត្រូវចោះ ឬកាត់ឲ្យមានឈាមហូរនៅជិត ឬឆ្ងាយពីស្នាមចង្កូមពស់ទេ
– មិនត្រូវយកមាត់បឺតឈាម ក្នុងគោលបំណងបឺតជាតិពឹសពស់ ដូចក្នុងរឿងកុនទេ ព្រោះវាគ្មានប្រសិទ្ធភាពទេ
– មិនត្រូវប្រើខ្សែ ក្រណាត់មករុំ ក្នុងគោលបំណងមកស្កាត់ជាតិពឹសជ្រាបទៅសរីរាង្គទេ
– មិនត្រូវយកអាល់កុលមកលាងមុខរបួសទេ ដោយសារជាតិអាល់កុលអាចធ្វើឲ្យសសៃឈាមរីកធំជាហេតុនាំឲ្យវាអាចស្រូបជាតិពឹសកាន់តែច្រើន។

ក្រៅពីនេះ វិធីសាស្ត្រតាមប្រពៃណីមួយចំនួនដែលអ្នកស្រុកនិយម និងជឿជាក់ដូចជា ប្រើស្នែងសត្វនានា ឲ្យបឺតពឹស ប្រើថ្នាំនានាលាប រួមទាំងថ្នាំបុរាណ និងស្តោះផងលើមុខរបួស គូរូបលើមុខរបួសដោយបញ្ចូលមន្តអាគមន៍ផង គ្មានប្រសិទ្ធភាព ឬអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរថែមទៀត។

២/.​ វិធីសាស្ត្រដែលត្រឹមត្រូវ ក្នុងការជួយសង្គ្រោះ នៅពេលមានពស់ចឹក៖
– ផ្តល់កំលាំងចិត្ត ឲ្យជនរងគ្រោះស្ងប់អារម្មណ៍ជាមុនសិន
– ដាក់អវយវ:ដែលត្រូវពស់ចឹក ឲ្យនៅរយកំពស់ទាបជាងបេះដូង
– ដោះគ្រឿងអលង្ការ ឬឧបករណ៍ដែលនៅជាប់អវយវ:ដែលត្រូវពស់ចឹក
– លាងរបួសបរិវេណដែលត្រូវពស់ចឹក ដោយទឺកស្អាត (ហាមប្រើស្រា ថ្នាំដុះធ្មេញ ឬផេះលាបរបួស ព្រោះវារឹតតែធ្វេីអោយរបួសបង្កររោគកាន់តែខ្លាំង)
– ប្រើក្រណាត់ស្អាត បិតបញ្ឈប់លំហូរឈាម
– ប្រសិនបើជនរងគ្រោះគ្មានជីបចរ ឈប់ដកដង្ហើម ចាប់ផ្តើមធ្វើចលនាបេះដូង
– បញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានឆាប់រហ័ស។

បញ្ជាក់ : ប្រសិនបើអ្នកជួបប្រទះនឹងជនរងគ្រោះដែលត្រូវពស់ចឹក ព្យាយាមចាំឈ្មោះរបស់ពស់ ឬថតយករូបភាពពស់ដែលចឹក តែបើមិនស្គាល់ឈ្មោះពស់ គ្មានឧបករណ៍ក្នុងការថត អ្នកអាចចាប់ពស់យក់ទៅឲ្យលោកគ្រូពេទ្យមើល ដើម្បីធ្វើការវិនិច្ឆ័យរោគ និងព្យាបាលបានយ៉ាងត្រឹមត្រូវ  ៕