ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញមុខជនជាតិចិនម្នាក់ ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់សារធាតុញៀន មុនបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។
សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ LAI SUNG MAO ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ ៣០៦៧០១៩៧១ ចុះថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៣ មានទីលំនៅស្នាក់នៅផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។


ចំណែកជនរងគ្រោះឈ្មោះ XIAO HONG JE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុរខរបរពាណិជ្ជករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣៩៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន។ ម្នាក់ ទៀតឈ្មោះ ស្រូ រិទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររូបង្រៀន ស្នាក់នៅផ្ទះលេខ៣៧២ ផ្លូវលេខ ១១៣សេ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។


ជនសង្ស័យបានធ្វើសកម្មភាព (ឃាតកម្មគិតទុកជាមុន) បាញ់ប្រហារទៅលើជនរងគ្រោះ ជាជនជាតិចិនដូចគ្នា ចំនួន០៣គ្រាប់ (តែមិនបណ្តាលឲ្យរងរបួសនោះទេ) កាលពីម៉ោង១៩៖៥០នាទីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខទ្វារច្រកចូលភោជនីយដ្ឋាន និងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវ លេខ១៥០ ក្រុម៨ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។


លុះដល់រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ដោយមានកិច្ចសហការល្អ ពីកម្លាំងអធិកាដ្ឋាននគរបាលខណ្ឌទួលគោក, អធិការដ្ឋានខណ្ឌច្បារអំពៅ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ជនសង្ស័យត្រូវចាប់ខ្លួនបាននិង ដកហូតអាវុធខ្លី១ដើម និងរថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស១គ្រឿង ហើយភ្លាមៗនោះ សមត្ថកិច្ចបានតាមស្រាវជ្រាវរកឃើញថ្នាំញៀន ប្រហែលជិតកន្លះគីឡូក្រាម ស្ថិតនៅចំណុចផ្ទះសំណាក់ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។


ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕