ភ្នំពេញ ៖ សមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោ បានបញ្ជូនក្រុមចោរប្លន់៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។
ក្រុមចោរប្លន់៣នាក់នេះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងពង្រ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបាន កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីពួកគេធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសេ១១០ មួយគ្រឿង រួមនឹងទូរស័ព្ទដៃ១គ្រឿង បានសម្រេចកាលពីជាងកន្លះខែមុន ។


ជនសង្ស័យទាំង០៣នាក់នោះ រួមមានទី១-ឈ្មោះ ស៊ុ ពេជ្ររស្មី ហៅ ឌុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ, ទី២-ឈ្មោះ សំ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៣-ឈ្មោះ ឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិសាយគៀច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដកហូតយកបានទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៣គ្រឿង និងបង្កាន់ដៃបញ្ចាំម៉ូតូ០១សន្លឹកទៀត ។
ឯបក្ខពួក៣នាក់ទៀត កំពុងរត់គេចខ្លួន រួមមាន៖ ទី១-ឈ្មោះ អឿង វិរៈ ហៅ ចយ ភេទប្រុស អាយុ២៥ឆ្នាំ, ទី២-ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ យុទ្ធ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ។
ដោយឡែកជនរងគ្រោះឈ្មោះ ស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១១០ (អាសង់ប៊ិក) ពណ៌ខ្មៅ គ្មានស្លាកលេខ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphone 7plus ។កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១និង២០នាទីរសៀល ជនរងគ្រោះរួមជាមួយមិត្តភក្តិចំនួន០២នាក់ទៀត បានជិះម៉ូតូ០១គ្រឿង ទៅអង្គុយលេងនៅខ្យូស(កញ្ចុះ)មួយកន្លែងស្ថិតនៅក្នុងបុរីសាន់ស៊ីម៉ិច ក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ លុះពេលកំពុងតែអង្គុយនិយាយគ្នាលេងបណ្តើរហូបនំប៉ាវបណ្តើរ ស្រាប់តែមានជនសង្ស័យទាំង៦នាក់ខាងលើជិះម៉ូតូ០៣គ្រឿងទៅដល់ រួចបានចុះពីលើម៉ូតូរត់សំដៅមករកជនរងគ្រោះដោយមានកាន់ដំបងដែកបំពង់ទីបជ្រុង ហើយស្រែកគំរាមថា «ហ្នឹងហើយៗ» ។ ពេលនោះជនរងគ្រោះ និងមិត្តភក្តិមានការភ័យខ្លាចយ៉ាងខ្លាំងក៏បាននាំគ្នារត់គេចខ្លួនចោលម៉ូតូ និងទូរស័ព្ទ ត្រូវក្រុមជនសង្ស័យយកម៉ូតូ និងទូរស័ព្ទ ជិះគេចខ្លួនបាត់តែម្តង ។
បន្ទាប់ពីកើតហេតុជនរងគ្រោះ និងមិត្តភក្តិក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីជួយធ្វើអន្តរាគមន៍ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងបុរីសាន់ស៊ីម៉ិច ហើយបានកំណត់បានអត្តសញ្ញាណជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់ និង៣នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួនព្រមទាំងបក្ខពួកដែលកំពុងរត់គេចខ្លួន៣នាក់ទៀតនោះ ពិតជាបានធ្វើសកម្មភាពប្រើដំបងដែកទីបជ្រុងដេញវាយប្លន់យកម៉ូតូ និងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ហើយម៉ូតូដែលប្លន់បាននោះយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក យកលុយចែកគ្នាស៊ីចាយអស់ហើយ ៕