ខេត្តពោធិ៍សាត់៖ បុរសវ័យ៤៨ឆ្នាំម្នាក់ និងក្មេងប្រុសជំទង់ម្នាក់ ចូលជ្រកភ្លៀងនៅក្រោមផ្ទះដែលគ្មានមនុស្សរស់នៅ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់គួរឲ្យអាណោចអាធម័បំផុត។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះទុកចោលមួយកន្លែង ក្បែរបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ច្រិញ ទូច ហៅញ៉ាញ់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី២ ឈ្មោះ អៀម វុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញទទួលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវរន្ទះបាញ់ប្រាកដមែន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា ចំណុចផ្ទះកើតហេតុធ្លាប់រន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ម្ដងរួចមកហើយ ៕