ខេត្តព្រះសីហនុ ៖ នៅទីបំផុត កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានបង្ហាញមុខឃាតករ ក្នុងសំណុំរឿងករណីឃាតកម្មដ៏សាហាវឃោរឃៅលើបុរសជនជាតិចិនម្នាក់ ដែលត្រូវគេប្រទះឃើញសពដាច់ជា៣កំណាត់នៅចំណុចដីឡូតិ៍១គ្រឿងស្ថិតនៅភូមិ៦ សង្កាត់៤។


លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឲ្យដឹង និងបង្ហាញមុខឃាតករ នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ ថា ក្រោយមានហេតុការណ៍នេះកើតឡើង និងបន្ទាប់ពីធ្វើការពិនិត្យសាកសព ប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវយកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួនបានជនសង្ស័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។


ជនសង្ស័យជាឃាតករ មានឈ្មោះ ZHOU YA YUN អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ រីឯវត្ថុតាងចាប់យកបាន មានកាំប៉ិតបុ័ងតោ១ដើម, អាវយឺតដៃវែង១, ខោជើងសលាយឆ្នូតខ្មៅ១, ខោវជើងខ្មៅលាយឆ្នូតស១, អាវយឺតដៃវែង១ និងអាវយឺតសដៃខ្លី១ សុទ្ធតែប្រឡាក់ឈាម ព្រមរថយន្ត ១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-1611 ដែលមធ្យោបាយដឹកជញ្ជូនសាកសពជនរងគ្រោះយកទៅប្លុងចោល។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ករណីមនុស្សឃាតនេះ កើតឡើងដោយសារជនរងគ្រោះបានទំនាក់ទំនងខ្លួន ដើម្បីប្តូរប្រាក់ចិនជាប្រាក់ដុល្លារអាមេរិក ចំនួន៧០ ០០០ដុល្លារ លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅហាងប្តូរប្រាក់របស់ខ្លួន ដែលមានស្លាកយីហោប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេរប្រាក់ ទៅឲ្យរូបគេរួចរាល់ហើយ រូបគេក៏ប្រើកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។


ក្រោយពីជនសង្ស័យសារភាពរួចហើយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់
សូមរំលឹកថា កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងែទី០១ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូត៍មួយកន្លែង នៅឆ្នេរអូរត្រេះ ក្នុងក្រុម០៦ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហ មានការប្រទះឃើញសពជនរងគ្រោះឈ្មោះ WU CHENGHUI ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខED7591553 ត្រូវបានឃាតករសម្លាប់ រួចកាត់ជា៣កំណាត់ ដោយកំណាត់ទី ១៖ ពីក្បាលដល់ចង្កេះ, កំណាត់ទី២៖ ពីចង្កេះដល់ជង្គង់ និងកំណាត់ទី៣៖ ពីជង្គង់ដល់បាតជើង៕