ខេត្តរតនគិរី៖ ក្រោយធ្វើសកម្មភាពប្រហែល២ម៉ោងប៉ុណ្ណោះ ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ។


បើតាមលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ និងដកហូតបានកាំភ្លើងខ្លីមួយដើម ជាមួយរថយន្ដដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។ ពេលនេះ ជនដៃដល់ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។
សូមជម្រាបថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។


តែយ៉ាងណា មូលហេតុដែលខ្មាន់កាំភ្លើងជិះរថយន្តមកបាញ់ប្រហារជនរងគ្រោះយ៉ាងសាហាវព្រៃផ្សៃ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅក្នុងហាងកាហ្វេនេះ គេមិនទាន់ដឹងនៅឡើយទេ៕