ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់មិនខិតខំរកស៊ី គិតតែដើរផឹកស៊ីស្រវឹង មកដល់ផ្ទះវិញវាយធ្វើបាបប្រពន្ធទៀត ត្រូវប្រពន្ធប្ដឹងឲ្យកម្លាំងអាវុធហត្ថចាប់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ជនសង្ស័យជាប្តីឈ្មោះ ស៊ុន សំអូន ភេទប្រុស អាយុ៣៥ឆ្នាំ។
បើតាមការអះអាងរបស់ស្រ្តីជាប្រពន្ធ ឈ្មោះ ហេម សាមុយ ភេទស្រី អាយុ៣៧ឆ្នាំ បានបំភ្លឺថា ជនសង្ស័យដែលជាប្តីរបស់ខ្លួននោះ តាំងពីបានគ្នាជាប្តីប្រពន្ធពីពេលណាមក មិនដែលចេញទៅរកស៊ីដូចប្តីគេផ្សេងទៀតឡើយ គឺគិតតែផ្គុំក្បាលមិត្តភ័ក្ដិផឹកស៊ីស្រវឹងរាល់ថ្ងៃ ។ លុះមកដល់ផ្ទះវិញ វាយធ្វើបាបនាងគ្មានត្រាប្រណី ។ ដោយស៊ូទ្រាំនឹងទង្វើនេះតទៅទៀតមិនបាន នាងក៏ប្តឹងឲ្យកម្លាំងអាវុធហត្ថចាប់ខ្លួន តែម្ដងទៅ ។


ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹងរាល់ថ្ងៃ វាយធ្វើបាបប្រពន្ធពិតប្រាកដមែន ។ តែទោះបីជនសង្ស័យបានសារភាពពីកំហុសរបស់ខ្លួនក៍ដោយ ក៍ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ដែរ៕