ខេត្តបាត់ដំបង៖ យុវជន៣នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគោយន្ត១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់ម្នាក់នៅកន្លែងកើតហេតុ និង២នាក់ទៀត រួមទាំងអ្នកបើកបរគោយន្តម្នាក់ទៀត រងរបួសធ្ងន់ស្រាល ដេកដួលឲ្យរដូករណែល។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ យប់ មា ស្ថិតត្រង់ចំណុចក្រុមទី៤៨ ភូមិទួលព្រំ១ ស្រុកមោងឫស្សី។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1T-0351 បើកបរដោយឈ្មោះឌុង ប៉ាវ ភេទប្រុស អាយុ១៩ឆ្នាំ(ស្លាប់) រស់នៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ជិះឌុបគ្នា២នាក់ ទី១-ឈ្មោះ ត ទើប ភេទប្រុស អាយុ២០ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទួលព្រំ១ឃុំកកោះ។ ទី ២-ឈ្មោះ ភីន ឆក ភេទប្រុស អាយុ១៨ឆ្នាំ(របួសធ្ងន់) រស់នៅភូមិទួលព្រំ១ ឃុំកកោះ ធ្វើដំណើរពីទិសខាងផ្លូវជាតិលេខ៥ មុខទៅភូមិទួលអំពិល ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុកគោយន្ដកន្ត្រៃ១គ្រឿងម៉ាកគូបូតា បើកបរដោយឈ្មោះ ចេវ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលទាំង៤នាក់តែម្តង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងជួយចាត់ចែងបញ្ជូនអ្នករបួសទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចមកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សី ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕