ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបានចេញទស្សនាកំសាន្តនៅរមណីយដ្ឋាននានានៅទូទាំងប្រទេស មានជាង១លាន៤សែននាក់ កើនឡើងជាង៣៧ភាគរយ បើប្រៀបធៀបទៅនឹងភ្ជុំបិណ្ឌឆ្នាំ២០១៨។

យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា “ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ មានចំនួន ១.៤៣៧.៩៨៨ នាក់ កើនឡើង ៣៧,២៥% ក្នុងនោះរួមមាន ៖ ភ្ញៀវជាតិ មានចំនួន ១.៣៦១.២៤០ នាក់ កើនឡើង ៣៤,៩១% និងភ្ញៀវអន្តរជាតិ មានចំនួន ៧៦.៧៤៨ នាក់ កើនឡើង ៩៨.១៤%”។

ប្រភពដដែលបញ្ជាក់ថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកំសាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។

ជាការគួរឲ្យកត់សំគាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចំរើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ជាពិសេសអាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពីការតម្លើងថ្លៃហួសហេតុទេ៕