ខេត្តសៀមរាប ៖ ជន​ដៃដល់​ពីរ​នាក់​ប្រុស​-​ស្រី ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា បន្ទាប់​ពី​បង្ក​ហិង្សា ដោយ​គ្រាន់តែ​ជន​រង​គ្រោះ​មើល​មុខ នៅ​ក្នុង​ហាង​ផឹកស៊ី យីហោ «​ធី​ម​ផល​បារ​» ដែល​ស្ថិត​ក្នុង​សង្កាត់​ស្វាយ​ដង្គុំ​នៃ​ក្រុង​សៀមរាប ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​នេះ​គឺ​គ្រាន់តែ​ជន​រង​គ្រោះ​មើល​មុខ ក៏​កើតជា​ជម្លោះ​ពាក្យ​សម្តី រហូត​ឈាន​ដល់ ភាគី​ជន​បង្ក​២​នាក់​(​ជា​មិត្តភក្តិ​នឹង​គ្នា​ស្រី​ប្រុស​) យក​កែវ​ស្រា វាយ​ជន​រង​គ្រោះ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​យោធា បណ្តាល​អោយ​រយះ​ក្បាល ។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​និង​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី នៅ​ក្នុង​ហាង​ខាងលើ
ក្នុង​ពេល​ដែល​មិន​ទាន់​បាន​ផឹក​ផង ដើរ​រក​កន្លែង​អង្គុយ ពេល​នោះ​ពួក​គេ​ក៏​បាន​ជួបនឹង​ជន​ដៃដល់​ឈ្មោះ ឡៅ ជី​ង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នក រាជធានី​ភ្នំពេញ​ដូច​គ្នា ។ ពេល​នោះ​ឈ្មោះ តុ​ប សុភ​ក្ត្រា​(​ត្រូវជា​មិត្តភក្តិ​ជន​រង​គ្រោះ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា​) បាន​មើល​មុខ ឈ្មោះ ឡៅ ជី​ង​លី ទើប​ឈ្មោះ​ឡៅ ជី​ង​លី និយាយ​ថា អាអែង​មើល​មុខ​អី ? ក្នុង​គ្រានោះ ភាគី​ទាំង​ពីរ បាន​និយាយ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក រហូត​មាន​ជម្លោះ​ពាក្យ​សម្ដី ហើយ​ឈ្មោះ ឡៅ ជី​ង​លី បាន​ស្ទុះ​មក​វាយ​លើ​ឈ្មោះ តុ​ប សុភ​ក្ត្រា ហើយ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ក៏​បាន​ចូល​ទៅ​ជួយ​ឃាត់ ក៍​ត្រូវ​បាន​ឈ្មោះ ឡៅ ជី​ង​លី យក​កែវ​ស្រា ដែល​ជា​កែវ​ថ្ម វាយ​មក​លើ​ឈ្មោះ ឆៃ វ​ឌ្ឍ​នា ត្រូវ​ចំ​ក្បាល​បណ្ដាល​ឲ្យ​រយះ​បែក ចំនួន​០២​កន្លែង ផ្នែក​ខាងស្តាំ ដេរ​០៤​ថ្នេរ ផ្នែក​ខាងឆ្វេង​ដេរ​មួយ​ថ្នេរ និង​លើ​ចង្អុលដៃ​ខាងស្ដាំ ដេរ​ចំនួន​៣​ថ្នេរ ។ ចំណែក​ឈ្មោះ ឡៅ ជី​ង​លី នៅ​ពេល​វាយ​ទៅ​លើ​ជន​រង​គ្រោះ ក៍​ត្រូវ​សមត្ថ​កិ​ច្វ​នាំ​ខ្លួន​ភាគី​ទាំង​សងខាង យក​មក​ធ្វើការ​សាកសួរ ក្រោយ​ពី​ការ​សាកសួរ​ឈ្មោះ​ឡៅ ជី​ង​លី បាន​សារភាព​ថា ខ្លួន​ពិតជា បាន​វាយ​ទៅ​លើ ឈ្មោះ ឆៃ វ​ឌ្ឍ​នា បណ្ដាល​ឲ្យ​រង​របួស​ដូច បាន​រៀបរាប់​ខាងលើ​ពិតមែន ។

ក្នុង​ពេល​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ​ដែរ ជន​ដៃដល់ ក៏​បាន​ទះកំផ្លៀង​ទៅ​លើ មន្ត្រី​នគរបាល​អន្តរាគមន៍​ម្នាក់ ត្រូវ​១​កំផ្លៀង​ផង​ដែរ នៅ​មុខ​មហាជន ប៉ុន្តែ​ក្រោយ​ពេល​ស្វាង​ស្រា ក៏​សុំ​ទោស​មក​លើ​នគរបាល វិញ​ដែរ ។ យ៉ាងណា​ក៏​សមត្ថកិច្ច​មិន​បង្ហាញ​ឈ្មោះ​ស្ត្រី​ម្នាក់ ដែល​ជា​បក្ខពួក​ជន​បង្ក​ឡើយ ត្រឹមតែ​បញ្ជាក់​ថា ឃាត់ខ្លួន​ភាគី​ប្រុស​ស្រី​ទាំង​ពីរ​នាក់ ។

បច្ចុប្បន្ន នគរបាល កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត តាម​ច្បាប់ ៕