ខេត្តកណ្តាល ៖ បុរសម្នាក់ ពេលត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានរករឿងឈ្លោះជាមួយបងស្រីឈានដល់វាយប្រតាយប្រតប់គ្នា លុះស្រ្តីជាម្តាយចូលទៅឃាត់ ក៏ត្រូវកូនប្រុសប្រមឹករូបនេះ ប្រើកណ្តាប់ដៃវាយបណ្តាលឲ្យបែកចិញ្ចើមរហូតឈាមកក្លាក់។
ករណីអំពើហិង្សានេះ បានកើតវេលាម៉ោង ១៩ និង ៣០ នាទីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅចំណុចភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះដែលត្រូវកូនប្រុសវាយបែកចិញ្ចឹមនេះ មានឈ្មោះវឿន ចំរើន អាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែក ជនកំណាចវាយម្តាយបង្កើតខ្លួនឯងគ្មានញើតដៃនេះ មានឈ្មោះ វន សារុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទីលំនៅភូមិ-ឃុំកើតហេតុ ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ ឈ្មោះ វន សារុន មានសភាពស្រវឹងស្រា ពេលមកដល់ផ្ទះជនសង្ស័យ បានទាស់ពាក្យសម្តីជាមួយឈ្មោះ វន សាវិន ត្រូវជាបងបង្កើតរបស់ខ្លួន ដោយមូលហេតុធ្វើការងារសំណង់នៅប្រទេសថៃជាមួយគ្នា ខណៈពេលនោះជនសង្ស័យ ខឹងបានស្ទះចូលទៅវាយប្រតាយប្រតប់គ្នាជាមួយឈ្មោះវន សាវិន ឃើញដូច្នេះជនរងគ្រោះឈ្មោះវឿន ចំរើន ត្រូវជាម្ដាយ បង្កើតបានស្ទុះចូលទៅឃាត់បណ្ដាលឲ្យជនសង្ស័យវាយត្រូវចិញ្ចើមភ្នែកខាងធ្វេងរងរបួសហូរឈាម កក្លាក់។


ក្រោយកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំ លុះព្រឹកឡើងថ្ងៃ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ទើបប្ដីរបស់ជនរងគ្រោះឈ្មោះវន សាវ៉ុនបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្យារដែក កម្លាំងជំនាញ
សហការ ជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែកបានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនសង្ស័យឈ្មោះ វន សារុន ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួនបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕