ខេត្តកណ្តាល ៖ យុវជនជាជនជាតិវៀតណាម២នាក់បានខ្ចីម៉ូតូគេជិះ បើករោទ៍បំពងសំឡេងខ្លាំងៗស្ទើរបែកក្រដាសត្រចៀក ធ្វើឲ្យអ្នកស្រុកចិត្តឆៅដៃដល់២នាក់ ខឹងសម្បាក៏យកកាំបិតទៅស្ទាក់កាប់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីហិង្សាកាប់ប្រហារគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងស្ពានលេខ៩ (ស្ពានតាហ៊ីង) ក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ។
ជនរងគ្រោះ ទី១.ឈ្មោះយ៉ាំងតាវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើស្វាយ មានទីលំនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។


ទី២.ឈ្មោះផាង ជីវឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឡាន មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែក ជនដៃដល់ មានឈ្មោះអ៊ួន សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្នាក់ទៀត ឈ្មោះវី វណ្ណៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ។ អ្នកទាំង២មានទីភូមិ.ឃុំ កើតហេតុខាងលើ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុចំនួន២ថ្ងៃ ជនរងគ្រោះឈ្មោះយ៉ យ៉ាំងតាវ បានខ្ចីម៉ូតូគេជិះដោយម៉ូតូនោះមានសំឡេងឮខ្លាំង រួចបើកចេញ ចូលក្នុងភូមិលឿនៗ។ ពេលនោះ ក្រុមជនដៃដល់ បានប្រាប់ឈ្មោះតាវថា «ហ្អែង! បើកម៉ូតូលឿនៗចឹងអញនឹងបិទផ្លូវហើយ» តែជនរងគ្រោះតបទៅវិញយ៉ាងហំថា « ហ្អែង! បិទ បិទទៅ»។លុះដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៣០នាទី ជនរងគ្រោះ ឈ្មោះតាវ និងឈ្មោះជីវឹងបានជូនឈ្មោះឌីម ពីព្រែកដាច់ទៅផ្ទះនៅខាងត្បូងស្ពានព្រែកតាហ៊ីង។ ពេលត្រឡប់មកវិញ ក៏ត្រូវជនសង្ស័យឈ្មោះខុម និងឈ្មោះវណ្ណៈ ស្ទាក់កាប់ និងវាយបណ្ដាលឲ្យរងរបួស ។
ក្រោយកើតហេតុ ជនដៃដល់ទាំង២ បានរត់គេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះឈ្មោះតាវ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ឯជនរងគ្រោះឈ្មោះជីវឹង សម្រាកព្យាបាលនៅផ្ទះ ។
ពេលនេះ កម្លាំងនគរបាលយុត្តិធម៌ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់នាំមកចាត់ការតាមផ្លូវច្បាប់៕