ព្រះ​សីហ​នុ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៦​នាក់ ពាក់​ព​ន្ធ័​ករណី​ចាប់ជំរិត ជនជាតិ​ចិន​ដូច​គ្នា​ ។

ការ​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២និង៤៥​នាទី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ក្នុង​បុរី​សុខសាន្ត ក្រុម​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ បាន​រំដោះ​ជន​រង​គ្រោះ​ចំនួន​០៤​នាក់ ភេទ​ប្រុស ជា​ជនជាតិ​ចិន ដែល​ក្រុម​ជនសង្ស័យ​បាន​ចាប់​ឃុំឃាំង បង្ខាំង​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ ដោយ​ប្រើ​ទារុណកម្ម ។

ក្នុង​នោះ​ដែរ កម្លាំង​កងរាជអាវុធហត្ថ បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ​៖ ទូរ​សព្ទ​ដៃ ចំនួន​០៦​គ្រឿង​, ខ្នោះដៃ​ចំនួន​០៤​គូរ​, រថយន្ត​ចំនួន​០១​គ្រឿង​, ប្រាក់​ដុល្លា​ចំនួន​១.៥០០ ដុល្លារ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​កំពុង​ចាត់ការ​តាម​នីតិវិធី ៕