ខេត្តកណ្ដាល ៖ បុរសម្នាក់ ផឹកស្រាស្រវឹងធ្លាក់ភ្នែកជាប្រចាំ ហើយតែងរករឿងវាយដំប្រពន្ធដូចបាវសាក់ឥតស្វាង លុះក្រោយពីប្រើអំពើហិង្សាវាយប្រពន្ធលើកចុងក្រោយ ធ្វើឲ្យប្រពន្ធទ្រាំនឹងទង្វើរបស់ប្ដីពុំបាន ក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល ឲ្យចាប់ខ្លួន ប្តីប្រមឹករូបនេះ ចាត់ការតាមផ្លូវច្បាប់។
ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ។


ជនប្រមឹកដែលចូលចិត្តវាយដំលើប្រពន្ធកូននេះ មានឈ្មោះញ៉ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រីឯស្ដ្រីរងគ្រោះឈ្មោះ មូល សុខា ហៅ ជ្រែង អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយគ្នា ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីស្ដ្រីរងគ្រោះ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដោយដកហូត កាំបិតខ្វែវចំនួន១ ។
ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕