ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើលកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ក្រុងព្រះសីហនុ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តធុនធំ៣គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម រីឯរថយន្តរងការខូចខាតយ៉ាងដំណំ។


នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាក STAREX ពណ៌ស ពាក់ស្លាកលេខ កំពត 2B-4216 អ្នកបើកបរឈ្មោះសេង ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស៧នាក់ ( ស្រី២នាក់ ) មានទិសដៅពី ខេត្តកំពត ចូលក្រុងព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់ស៊ីនេះ បានវ៉ាជែងរថយន្តធុនធំ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) វ៉ាមិនផុត ក៏ជ្រុលទៅបុករថយន្តធុនធំ១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង ។


ប្រភពបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្ត៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់៕