សៀមរាប ៖ ករណី​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ ប្រភេទ​២​ជាន់ ៤៥​កៅអី បើកបរ​ចេញពី​សៀមរាប ឆ្ពោះទៅ​ភ្នំពេញ បាន​វាក់​នឹង​ស្ពាន ទើប​តៃកុង​រថយន្ត​ជាន់​ហ្វាំ​ង​អូស​ប្រមាណ​ជា​១៥​ម៉ែត្រ ទើប​ក្រឡាប់​ពីរ​ត្រឡប់ ធ្វើ​អោយ​អ្នកដំណើរ​ទាំងអស់​រង​របួសធ្ងន់​ស្រាល ខ្លះ​ត្រូវ​ដៃ ខ្លះ​ត្រូវ​ជើង ខ្លះ​បោក​ក្បាល​នឹង​កញ្ចក់​បណ្តាល​អោយ​ហូរ​ឈាម​ដាប​ដេក​ដួល​រដូករណែល​ស្រែកយំ​ពេញ​រថយន្ត ។

ហេតុការណ៍​ដ៍​តក់ស្លុត​នេះ​បាន​កើតឡើង​តាម​បណ្តោយ​ផ្ល​វ​ជាតិ​លេខ​៦ ចំណុច​មុខ​បន្ទាយ​យោធា​ស្រុក​សូទ្រនិគម នៅ​វេលា​ម៉ោង ០៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ កញ្ញា ២០១៩ ស្ថិត​ក្នុងភូមិ​ថ្នល់​ចែង ឃុំ​សាលា​កកោះ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ស្ត្រី​រង​របួស​ជើង​និង​ហើម​ថ្គាម ជា​ជន​រង​គ្រោះ​ម្នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ បាន​រៀបរាប់​ពី​ហេតុ​ការ​ណ៏​នោះ​ថា ពួក​គាត់​បាន​ជិះ​រថយន្តក្រុង​ពេល​យប់ របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​វី​រៈ​ប៊ុ​ន​ថាំ ក្នុង​ទិស​ដៅ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​កាន់ រាជធានី​ភ្នំពេញ លុះ ចេញ​បាន​ប្រហែល​៣០​គីឡូ ដល់​ស្រុក​សូទ្រនិគម ស្រាប់តែ រថយន្ត​នេះ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ បណ្តាល​អោយ​អ្នកដំណើរ​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា និង​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ មាន​បុគ្គលិក​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បញ្ចុះបញ្ចូល​ឲ្យ​ជន​រង​គ្រោះ​ទាំងអស់ ឡើង​ជិះ​រថយន្តក្រុង​មួយ​គ្រឿង​ទៀត សាង​បន្ត​ទៅ​ភ្នំពេញ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​ជន​រង​គ្រោះ​ជិត​២០​នាក់ មិន​ព្រម​ឡើង​ជិះ​តាម​ការ​រៀបចំ​របស់​ក្រុមហ៊ុន​ទេ ព្រោះ​ពួក​គាត់​បាន​ជួប​ប្រទះ​គ្រោះថ្នាក់​នេះ គឺ​ដិតដាម​ជាប់​អារ​ម្ម​ណ៏​នៅឡើយ ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា នេះ​រថយន្តក្រុង​ដែល​ក្រឡាប់​នោះ ត្រូវ​បាន​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ អោយ​រថយន្ត​ស្ទូច​យក​ចេញពី​ទីតាំង​កើតហេតុ​បាត់​ទៅ​ហើយ ។ អ្វី​ដែល​ហួសចិត្ត​នោះ គឺ​នៅ​ពេល​ដែល​ស្ទូច​រថយន្តក្រុង​ក្រឡាប់​នោះ ខាង​ក្រុមហ៊ុន​ប្រុង​នាំ​យក​ឥ​វ៉ា​ន់​របស់​អ្នកដំណើរ​ទាំងអស់​នៅ​ជាមួយ ប៉ុន្តែ​មានការ​តវ៉ា​ខ្លាំង​ទើប​ក្រុមហ៊ុន​ព្រម​ប្រគល់​ឥ​វ៉ា​ន់​និង​វា​លី​ឲ្យ​មក​ជន​រង​គ្រោះ​វិញ ។

មុន​នាំ​រថយន្តក្រុង​ដែល​ក្រឡាប់​នោះ​ទៅ បុគ្គលិក​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា «​គ្រោះថ្នាក់​នេះ ទុក​អោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​អ្នក​ទទួល​ដោះស្រាយ ព្រោះ​រថយន្តក្រុង​នេះ ទិញ​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​កាំ​មិន​កូ​» ។

គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០១៩​នេះ ក្រុម​អ្នកដំណើរ​ដែល​រង​របួស ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​វី​រៈ​ប៊ុ​ន​ថាំ នេះ​បាន​អំពាវនាវ​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​អន្ត​រាគ​ម៌​ជា​បន្ទាន់ ជូន​ពួក​គាត់​ផង ព្រោះថា ជន​រង​គ្រោះ​ទាំងអស់ នៅ​មិន​ទាន់​ទទួល​បានការ​សម្របសម្រួល​ណាមួយ​ពី​សំណាក់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ឫ​ខាង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កាំ​មិន​កូ នៅឡើយ​ទេ ៕