ខេត្តកណ្ដាល៖ បុរសម្នាក់ពេលផឹកស្រាស្រវឹង ស្រាប់តែផ្ទុះកំហិងយកកែវស្រាវាយត្រូវចំក្បាល និងថ្ងាស បុរសម្នាក់ទៀត បណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួន។
ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១៧ និង២៥នាទី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ។


ជនរងគ្រោះឈ្មោះ ស្រស់ ស្រ៊ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។
ចំណែកជនសង្ស័យឈ្មោះ ទូច សុផារី ហៅ មនោ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា។
មុនពេលកើតហេតុ ជនសង្ស័យអង្គុយផឹកស្រាជាមួយបងប្អូននៅផ្ទះរបស់ខ្លួន លុះឃើញជនរងគ្រោះមកដល់ ភ្លាមនោះជនសង្ស័យ នឹកឃើញរឿងជនរងគ្រោះធ្លាប់និយាយដើមតិះដៀលដល់គ្រួសារខ្លួន ក៍ក្រោកយកកែវស្រាវាយទៅលើជនរងគ្រោះត្រូវចំក្បាល និងថ្ងាស បណ្ដាលឲ្យបែកក្បាលហូរឈាមជោកខ្លួន ត្រូវបានបងប្អូននិងអ្នកជិតខាងជួយដឹកទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕