ខេត្តកំពង់ចាម៖ បុរសម្នាក់បានបើករថយន្ត១គ្រឿងចេញពីផ្ទះ ហើយក៏បាត់ដំណឹងឈឹងមិនដឹងជាទៅទីណា ធ្វើឲ្យនារីជាប្រពន្ធបារម្ភពីសុវត្ថិភាពប្តីជាខ្លាំង ខំពឹងសាច់ញាតិឲ្យជួយតាមរក។ លុះ៣ថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញតែរថយន្តយកទៅផ្លុងចោល តែបាត់ម្ចាស់ដដែល ។
រថយន្តគេប្រទះឃើញ តែបាត់ម្ចាស់នេះ ម៉ាកឡិចស៊ីស RX 300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AH-8969 ត្រូវបានគេប្រទះឃើញ នៅចំណុចចម្ការប្រេងខ្យល់ ក្នុងភូមិឈូកឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។


នារីម្នាក់ដែលអះអាងជាម្ចាស់រថយន្តខាងលើនេះ បានរៀបរាប់ឲ្យដឹងថា វេលាម៉ោង១ រសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩ ប្តីគាត់មានឈ្មោះ សុន ប៊ុនធឿន អាយុ៣៥ឆ្នាំ បានបើករថយន្តខាងលើនេះចេញពីផ្ទះជួល នៅភូមិស្គន់ ហើយគាត់បានទាក់ទងតាមទូរស័ព្ទជាមួយប្តីរហូត លុះដល់វេលាម៉ោង៣ និង៣០នាទីថ្ងៃដដែល ទូរស័ព្ទនៅហៅចូល តែគ្មានអ្នកលើក ហើយក៏ទាក់ទងប្តីលែងបានតែម្តង។
ប្រភពបន្តថា ក្រោយពីបាត់ប្តីគ្មានដំណឹងបែបនេះ ធ្វើឲ្យនាងបារម្ភពីសុវត្ថិភាពប្តីជាខ្លាំង បានពឹងពាក់បងប្អូនជួយដើររក លុះដល់ម៉ោង៩ និង៥នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នាងបានប្រទះឃើញរថយន្តប្តីនាងឈប់ចតចោល ដោយទុកសោជាប់នៅនឹងចង្កូតរថយន្ត តែបាត់ប្តីគាត់មិនដឹងជាទៅទីកន្លែងណា ហើយនាងបានរាយការណ៍ទៅសមត្ថកិច្ចសុំអន្តរាគមន៍តែម្តង ។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ដូចខាងលើ សមត្ថកិច្ចបានចុះទៅយករថយន្តខាងលើ មករក្សាទុកនៅអធិការដ្ឋានស្រុកជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្ត៕