ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ និងលុយកាក់របស់អ្នកជិតខាងមានរបងជាប់គ្នា បានសម្រេច រួចរត់គេចខ្លួនបាត់។ លុះពេលវិលត្រឡប់ចូលផ្ទះវិញ ត្រូវជនរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ក្របួច យកមកចាត់ការតាមផ្លូវច្បាប់ ។
ករណីចោរកម្មនេះ បានកើតឡើង តាំងពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ជនសង្ស័យបាន។
ជនសង្ស័យជាចោរអស់លក្ខណ៍លួចទ្រព្យអ្នកជិតខាង ត្រូវចូលដេកគុកមុនថ្ងៃភ្ជុំបិណ្ឌនេះ មានឈ្មោះហង់ សុផា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ។ ចំណែក ជនរងគ្រោះឈ្មោះ ម៉ាន សុផល ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរជាងសំណង់ ។ បាត់បង់ ទូរស័ព្ទដៃម៉ាកHuawei ចំនួន១គ្រឿង, ប្រាក់ចំនួន៨៨០ដុល្លារ និងប្រាក់ខ្មែរ ចំនួន៤ម៉ឺនរៀល ,ខោកាមែលជើងខ្លីចំនួន១, កាបូបលុយចំនួន១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ និងប័ណ្ណចេញចូល
នៅប្រទេសថៃ១ មានសុពលភាពចំនួន២ឆ្នាំ ។


សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុ ជនសង្ស័យឈ្មោះហង់ សុផា មានផ្ទះជាប់ជាមួយផ្ទះជនរងគ្រោះបានចូលធ្វើសកម្មភាពលួចខោជើងខ្លីដែលនៅក្នុងហោប៉ៅខោនោះមាន.ទូរស័ព្ទដៃម៉ាក HUAWEI និងកាបូបដាក់លុយមានលុយ និងឯកសារមួយចំនួន ហើយឈ្មោះហង់សុផា បានយកលុយ និងទូរស័ព្ទរួចក៏បោះខោ កាបូបលុយ ចោលទៅក្នុងទឹកព្រែកកំពុងហូរ រួចបានហៅរថយន្តតូរីស ជិះទៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។ លុះដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៦ និង០០នាទី ជនសង្ស័យឈ្មោះហង់ សុផា បានត្រឡប់មកផ្ទះវិញ ក៏ត្រូវជនរងគ្រោះប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ បន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលទៅលួចទ្រព្យសម្បត្តិជនរងគ្រោះពិតប្រាកដមែន ហើយបានយកទូរស័ព្ទទៅលក់នៅផ្សារសៃវ៉ាបានលុយ ៣០០ដុល្លារយកលុយដែលមានទាំងប៉ុន្មានទៅផឹកស៊ីនៅភ្នំពេញអស់ ទើបត្រឡប់មកផ្ទះវិញ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចតែម្តង។
ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕