ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ ទូរស័ព្ទ និង​ម៉ូតូ ពី​យុវតី​រូប​ស្រស់​ជា​សិស្ស​ពូកែ​ម្នាក់ ដែល​មក​ដក​សញ្ញាប័ត្រ តែ​រត់​មិន​រួច ព្រោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ដែល​កំពុង​ល្បាត ចេញ​ទៅ​ជួយ​ចាប់​វាយ​ខ្នោះ​យក​មក​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​កន្លែង​ផ្ញើ​កង់​ម៉ូតូ ក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន​សែន ចាក់​អង្រែ ស្ថិត​នៅ​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ឡៅ ម៉េ​ង​លាង អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អូរ​អណ្ដូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ និង​មាន​ទីលំនៅ​សង្កាត់​បឹង​កក់ ខណ្ឌទួលគោក​។ ចំណែក​យុវតី​រង​គ្រោះ​មានឈ្មោះ គង់ រក្សា អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​ជាប់​បាក់​ឌុ​ប​ឆ្នាំ​ទី​២ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម​សម្ដី​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​ឡើង​ជិះ​ម៉ូតូឌុប​ពី​ក្រុង​តា​ខ្មៅ មក​ដល់​មុខ​វិទ្យាល័យ​ហ៊ុន​សែន ចាក់​អង្រែ​ហើយ​ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ ខណៈ​ពេល​អង្គុយ​លើ​ម៉ូតូ​មិនដឹង​ខ្លួន ក៏​បាន​ចុះ​មក​ធ្វើ​សកម្មភាព ភ្ជង់​ប្លន់​យក​ម៉ូតូ ទូរស័ព្ទ និង​លុយ​មួយ​ចំនួន ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ហៅ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ចេញ​ជួយ​អន្តរាគមន៍​ដើម្បី​ជួយ​ប្អូនស្រី​ហើយ​ក៏​ថត​ខ្លួន​បាន​យក​មក​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ដើម្បី​ធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​ការ​រៀបរាប់​ពី​យុវតី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅ​មក​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម បំណង​យក​សៀវភៅ សិក្ខាគារិក ដើម្បី​ទៅ​ដាក់​នៅ ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​យក​អាហារូបករណ៍​ពេល ព្រោះ​រូប​នាង​ប្រលង​ជាប់​និទ្ទេស​ល្អ (​និទ្ទេស B) ។ លុះ​ពេល​មក​ដល់​វិទ្យាល័យ​រូប​នាង​បាន​បើក​ទូរស័ព្ទ​មើលឃើញ​មិត្ត​ភ​ក្កិ បាន​ឆាត​មក​ប្រាប់​ថា “​ថ្ងៃ​និង​គ្រូ​មិន​បាន​មក​បង្រៀន​ទេ “ ទើប​នាង​ត្រលប់​មក​យក​ម៉ូតូ​វិញ ខណៈ​ពេល​រូប​នាង​បាន​ឡើង​ជិះ​ម៉ូតូ​បំណង​ចេញ​ត្រឡប់​ទៅ​វិញ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​មក​ភ្ជង់​ចង្កេះ​នាង ហើយ​ប្រាប់​អោយ​នាង​ប្រគល់​ទូរ​សព្ទ និង​កាបូប​លុយ​ឱ្យ​គេ នឹង​ប្រគល់​ម៉ូតូ​អោយ​គេ​តែ​ពេល​នោះ​ជា​ពលរដ្ឋ​បានឃើញ​ស្រែក​ឆោឡោ​ស្រាប់តែ​ជនសង្ស័យ ក៏​ទម្លាក់​កាំបិត និង​ទូរ​សព្ទ​ចោល បម្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ឈរ​ការពារ​តាម​ផ្លូវ​ដេញចាប់​ឃាត់ខ្លួន​ភ្លាម​បាន​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ដោយសារ​តែ​រូបគេ​ទាល់​លុយ ទើប​ធ្វើ​ឲ្យ​គេ​ធ្វើ​សកម្មភាព ប្លន់​យក​ទូរស័ព្ទ​ដៃ​ម៉ូតូ​របស់​ដោយ​យុវតី​រង​គ្រោះ តែ​មិន​បាន​សម្រេច ត្រូវ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​ទៅ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕