ភ្នំពេញ ៖ ស្ត្រីម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្រុសស្នេហ៍ តាំងពីម៉ោងប្រហែល២ភ្លឺ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង៧ និង១០នាទីព្រឹកថ្ងៃ រហូតធ្វើឲ្យប្រុសស្នេហ៍វ័យក្មេងផ្ទុះភ្លើងអាឃាត ចាប់ស្រ្តីជាស្នេហ៍អារ-ក គ្មានញញើតដៃ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័ម បន្ទាប់មកជនបង្កបានអារ-កខ្លួនឯង តាមក្រោយ តែមិនស្លាប់គ្រាន់តែរបួសធ្ងន់ ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។


ករណីជម្លោះក្នុងគ្រួសារធ្ងន់ធ្ងរ រហូតក្លាយជាអំពើឃាតកម្មនេះ បានកើតមានឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។


តាមលោកអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យិត ធិញ អាយុ៤២ឆ្នាំ មុខរបរកម្មករោងចក្រ ស្រុកកំណើតភូមិថ្មី ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង (ស្លាប់) ជនបង្កជាប្តីឈ្មោះ យា រិត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិរមាំងត្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសធ្ងន់ ភ្លាមៗត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ។
ប្រភពបន្តថា ស្ត្រីរងគ្រោះ យិត ធិញ មានប្តីនិងមានកូនចំនួន៣នាក់ហើយ នៅស្រុកកំណើត នៅឯខេត្តស្វាយរៀង បន្ទាប់មកស្ត្រីរងគ្រោះ បានមកធ្វើជាកម្មការិនីរោងចក្រមួយកន្លែង នៅក្រុងភ្នំពេញ ហើយបានក្បត់ចិត្តប្តីលួចមានទំនាក់ទំនងជាមួយជនដៃដល់ឈ្មោះ យា រិត ដែលត្រូវជាប្រុសស្នេហ៍វ័យក្មេង ។

លុះដល់ថ្ងៃកើតហេតុនៅម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ជនដៃដល់ជាប្រុសស្នេហ៍បានសុំលុយស្រ្តីរងគ្រោះជាស្រីស្នេហ៍ យកទិញថ្នាំញៀនប្រើប្រាស់ និងទិញស្រាផឹកស៊ីជាមួយបនភឿនតាមទម្លាប់ តែមិនបានសមបំណង ទើបកើតជាទំនាស់ពាក្យសម្តីឈ្លោះស្រ្តីរងគ្រោះ រហូតធ្វើឲ្យជនដៃដល់ផ្ទុះភ្លើងអាឃាតចាប់ស្ត្រីរងគ្រោះអារ.កគ្មានញញើតដៃ ដូចអារ.កសត្វមាន់ បណ្តាលឱ្យស្រ្តីរងគ្រោះប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ បន្ទាប់មកជនដៃដល់ជាប្រុសស្នេហ៍ក៏បានអារ.កខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង ។


ចំណែកសពស្ត្រីរងគ្រោះ សមត្ថកិច្ចជំនាញ ចុះពិនិត្យជាក់ស្តែង និងធ្វើកោសល្យវិច័យរួច ទើបប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯបុរសជាជនសង្ស័យ សម្រាកព្យាបាលរបួសសិន ទើបសមត្ថកិច្ចនាំមកចាត់ការតាមផ្លូវច្បាប់ជាក្រោយ ៕