ខេត្តរតនគិរី៖ ប្តីប្រពន្ធ២នាក់ ខណៈដែលកំពុងបើកម៉ូតូ១គ្រឿងដឹកគ្នា ធ្វើដំណើរតាមផ្លូវមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែរថយន្តតូយ៉ូតាកែច្នៃ បើកបោះពួយមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូហើយរថយន្តកិនថែមស្លាប់ទាំង២នាក់ ចោលកូនៗយ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខចំការយាយភូមិម៉ី ស្ថិតនៅភូមតាអង ស្រុកកូនមុំ ខេត្តរតនគិរី។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរថយន្តបុកស្លាប់ មានឈ្មោះ ញុត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិក្រឹង រស់នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង និងប្រពន្ធឈ្មោះ កំ ពត ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិក្រឹង រស់នៅភូមិជាមួយគ្នា។ ចំណែក អ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់។


ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើការវាស់វែង និងកំណត់ហេតុ រួចយកយានយន្តពាក់ព័ន្ធទៅរក្សាទុក ដើម្បីស្រាវជ្រាវរកអ្នកបើករថយន្តបង្ក មកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ចំណែក សពជនរងគ្រោះសមត្ថកិច្ចបានដឹកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕