កំពង់ចាម ៖ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៅព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩នេះបានផ្តល់ថវិកាជិត៧លានរៀលជូនប្រជាពលរដ្ឋចំនួន៣៤៥នាក់ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅនៅឃុំពង្រស្រុកកោះសូទិនខេត្តកំពង់ចាម ។

នៅក្នុងពិធីនេះឯកឧត្តម ឯកឧត្តម ខៀវ កាញារីទ្ធមានប្រសាសន៍ថា ថវិកាផ្តល់ជូនប្រជាពលរដ្ឋឆ្នាំនេះ ជាការជួយឧត្ថមពីឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកជំទាវ ឈឹមពៅសុកាន់ឌី អគ្គនាយិកានៃ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពង្រ ស្រុក កោះ សូទិន និងឯកឧត្តម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបន្តថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន៣៤៥នាក់នេះ អ្នកមិនបានមកទទួលដោយផ្ទាល់ដោយសារមានជម្ងឺប្រចាំការយ ក៏ក្រុមការងាររក្សាទុកអោយផងដែរដោយលោកមេឃុំពង្រ និងនាំយកថវិកានេះទៅជូនដល់តាមខ្នងផ្ទះរបស់ពួកគាត់តែម្តង។

ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំក្រោយពិធីប្រគល់ថវិកាដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៧០ឆ្នាំឡើងនេះ នឹងធ្វើឡើងឱ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឬមុនភ្ជុំបិណ្ឌ ខណៈឆ្នាំនេះមូលហេតុដែលរៀបចំឡើង ជិតដល់ថ្ងៃភ្ជុំធំ ដោយសារតែថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំពង្រមានភាពមមាញឹកច្រើនដែលត្រូវបំពេញនៅថ្នាក់ជាតិ និងក្រៅប្រទេស។

លោក ខឹម ប៉ោទាង មេឃុំ ពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងប្រជាពលរដ្ឋបានសម្តែងការអគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មានជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយពង្រ ស្រុក កោះសូទិនដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រពលរដ្ឋគ្រប់កាលៈទេសៈ ដែលនេះបង្ហាញពីភាពជិតស្និតរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមរបាយការណ៍បានឲ្យដឹង ថវិកាដែលបានចែកជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងនេះក្នុងម្នាក់ៗទទួលបានចំនួន២ម៉ឺនរៀលដែលសរុបថវិកាផ្តល់ជូនប្រជាពលរដ្ឋចំនួន៣៤៥នេះ គឺអស់ថវិកាជិត៧លានរៀល៕