ខេត្តកណ្តាល៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិមុនី ១គ្រឿងបានបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ទៅបុកម៉ូតូ១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តកុងតឺន័រ១គ្រឿងទៀត។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤៦នាទីព្រឹក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ចំណុចភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុង ១គ្រឿងម៉ាក HYUNDAI ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-2681 របស់ក្រុមហ៊ុនរិទ្ធិមុនី ដឹកអ្នកដំណើរ បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនដូចហោះ ។ លុះពេលមកដល់កន្លែងកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-9232 យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរដោយឈ្មោះ បូ ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងរថយន្ត ១គ្រឿងទៀត ប្រភេទរថយន្តក្បាលសណ្តោង ទូកុងតឺន័រ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8274 ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការជួយសម្រួលចរាចរណ៍ ហើយបានវាស់វែង និងកំណត់ហេតុ យកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលពញាឭ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកទទួលយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕