ព្រៃវែង ៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងកាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងការប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ (២០១៩-២០២៥) ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន ២៤៤នាក់ ស្រី ៦៧នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥ នេះដែរ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ណេត សាវឿន ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ៣៩នាក់។ សមាជិក សមាជិកាពេញសិទ្ធិបាន បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព ១៥នាក់ ក្នុងនោះបានបោះឆ្នោតជ្រើសរើស ឯកឧត្តម ជា សុមេធី ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធាន ឯកឧត្តមបណ្ឌិត សេង បញ្ញាឬទ្ធិ អនុប្រធាន លោក វ៉ាន់ សុភាព ហេរញ្ញិក និងលោក លី សិទ្ធី ជាលេខាធិការគណៈកម្មាធិការសាខា។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ ៖
១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
២/ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
៣/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥
៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ បានធ្វើការប្តេជ្ញា ចិត្តយ៉ាងមុតមាំដូចខាងក្រោម ៖
១-ពង្រឹងអភិបាលកិច្ចល្អ
២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព
៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
៤-ពង្រីក និងអភិវឌ្ឍកម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។
៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។
៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដោយមិនខ្លាចនឿយហត់ពុះពាររាល់ឧបសគ្គ ដែលចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកមនុស្សធម៌ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាកផ្សេងៗ។

លោកជំទាវក៏បានអំពាវនាវដល់ សមាជិក សមាជិកា ក្រុមប្រតិបត្តិសាខា យុវជនស្ម័គ្រចិត្តទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារមនុស្សធម៌នេះជាបន្តទៅទៀត។

សូមបញ្ជាក់ផងដែរថា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការដឹកនាំ និងគ្រប់គ្រងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខា និងអនុសាខាទាំង ១៣ស្រុក/ក្រុង សរុបចំនួន ៦៦នាក់ ស្រី ២៤នោះផងដែរ៕