ភ្នំពេញ៖ ក្នុងការចរចាបន្តសម្រាប់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជាឆ្នាំ២០២០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ភាគីសហជីពដែលតំណាងឱ្យកម្មករ បានស្នើសុំតួលេខ១៩៥ដុល្លារក្នុង១ខែ ខណៈដែលនិយោជកសុំត្រឹម១៨៦ដុល្លារ ហើយរាជរដ្ឋាភិបាលស្នើ១៨៧ដុល្លារ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងការងារ។

លោកហេង សួរ តំណាងភាគីរដ្ឋាភិបាលឱ្យដឹងយ៉ាងដូច្នេះថា៖ “ភាគីនីមួយៗនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានប្រកាសនូវគោលជំហរចុងក្រោយរៀងខ្លួនដែលក្នុងនោះភាគី តំណាងនិយោជកបានស្នើសុំតួលេខ ១៨៦ដុល្លារ រីឯភាគីតំណាងកម្មករនិយោជិត បានស្នើសុំតួលេខ ១៩៥ដុល្លារនិងភាគីរាជរដ្ឋាភិបាល បានដាក់តួលេខ១៨៧ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២០”។

យ៉ាងណាក៏ដោយតួលេខនេះ កាន់តែខិតជិតចូលគ្នា ខ្លាំងជាងការចរចាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។គួរបញ្ជាក់ថាតួលេខនេះនឹងដាក់ស្នើប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីពិនិត្យ និងសម្រេច តាមនីតិវិធីច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩ នេះ៕