ខេត្តកណ្ដាល៖ កម្លាំងជំនាញនគរបាលស្រុកពញាឮ ចុះពិនិត្យសាកសពបុរសម្នាក់ មានសភាពស្អុយរលួយ នៅសល់តែគ្រោងឆ្អឹង បន្ទាប់ពីបុគ្គលិកផ្នែកស្ថាបនាផ្លូវជាតិ នៅក្នុងព្រៃមួយកន្លែង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
សាកសពជនរងគ្រោះ ឈ្មោះ អ៊ូច ឆាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងព្រៃ ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកំពត ។
មុនពេលប្រទះឃើញគ្រោងឆ្អឹងសាកសព បុគ្គលិកផ្នែកស្ថាបនាផ្លូវជាតិលេខ៥ បានកាន់បង្គោលវាស់នីវ៉ូទឹកធ្វើផ្លូវ ចុះទៅវាស់ក្នុងព្រៃមេទឹកក្បែរផ្លូវជាតិ៥ ស្រាប់តែបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅក្នុងទឹក។ ភ្លាមៗនោះក៏រាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលកំពង់លួង ដើម្បីធ្វើការពិនិត្យ ។


កម្លាំងនគរបាលជំនាញស្រុក សហការជាមួយកម្លាំង នគរបាលជំនាញបច្ចេកទេសខេត្ដ ចុះពិនិត្យឃើញថា សាកសពជនរងគ្រោះរលួយរឡេះអស់ សល់តែគ្រោងឆ្អឹង ហើយកម្លាំងជំនាញ បានយកឆ្អឹងមកតំរៀប ពិនិត្យមើល មិនមានស្លាកស្នាមអ្វីលើឆ្អឹងគួរឲ្យកត់សម្គាល់ឡើយ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹក ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវរកសាច់ញាតិ រហូតដឹងសាច់ញាតិជនរងគ្រោះ និងអត្ដសញ្ញាណ រួចក៏ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ។


បុរសចំណាស់ម្នាក់ឈ្មោះ ឆឹម សារុន ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ដែលត្រូវជាពូជនរងគ្រោះ បានឲ្យដឹងថា នៅមុនកើតហេតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ វី ពណ៌ខ្ម របស់ខ្លួន ចេញពីស្រុកកំណើតឯខេត្តកំពត មកលេងផ្ទះគាត់(ជាពូ) ដោយពេលនោះ ជនរងគ្រោះមានស្លៀកខោពីរជាន់ ខោក្នុងខ្លី ពណ៌ក្រហម និងខោក្រៅខ្លីប៉ារ៉ាត្រឹមជង្គង់ មានពាក់នាឡិកាដៃ និងមានចងខ្សែអំបោះក្រហមនៅកដៃខាងឆ្វេង ដោយជនរងគ្រោះជាក្មួយរបស់គាត់មានសតិមិនគ្រប់។ លុះដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ស្រាប់តែបាត់ជនរងគ្រោះចេញពីផ្ទះគាត់ ដោយពុំដឹងទៅទីណានោះទេ ហើយរូបគាត់ និងបងប្អូននាំគ្នាដើររកដែរ ប៉ុន្តែរកមិនឃើញសោះ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក ក៏ទទួលដំណឹងពីក្មួយបែបនេះតែម្ដង៕