ភ្នំពេញ ៖ ហ្វេសប៊ុករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានចេញផ្សាយ នៅថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ទឹកភ្លៀងដែលបានធ្លាក់ ក្នុងកម្រិតជាង ៣៩,៥ មម ធ្វើឲ្យដាច់ ស្ពានពីរកន្លែង ក្នុងនោះស្ពានយោល ១កន្លែង ស្ពានឈើ១កន្លែង និងផ្លូវគ្រួសក្រហម ១កន្លែង ស្ថិតនៅឃុំតាតោក ឃុំសំឡូត និងឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

នៅថ្ងៃនេះផងដែរ ក្រសួងធនធានទឹកបានបញ្ជាក់ឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជា និងចាប់ពីថ្ងៃ១៦ដល់ថ្ងៃទី២២ ខែកញ្ញា និងរំកិលឡើងទៅលើ ភាគខាងជើងកម្ពុជា ហើយនិងធ្វើឲ្យ មានភ្លៀងបន្តធ្លាក់ រាយប៉ាយលើផ្ទៃប្រទេស ក្នុងនោះខេត្តភាគខាងត្បូង ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រនឹងមានភ្លៀង ធ្លាក់ពីបង្គួរទៅខ្លាំង ដែលធ្វើឲ្យផ្នែកមួយចំនួននៃបណ្តាខេត្តទាំងនេះ បន្តប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ដោយឡែកនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកបក់បោកខ្លាំង៕