ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បាននាំផឹកស្រាជាមួយមិត្តភក្តីឡើងស្រវឹងជោកជាំ លុះពេលធ្វើដំណើរត្រឡប់មកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឈប់រថយន្តនាំគ្នាដេកមួយភាំង ក៏ជនឆ្លៀតឱកាសមកធ្វើគាស់ទ្វាររថយន្ត លួចលុយ និងទូរស័ព្ទ សរុបតម្លៃជិត២ពាន់ដុល្លាររួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមស្ពានអាកាស៧មករា មុខប៉ុស្តិ៍នគរបាលទឹកល្អកទី១ ខណ្ឌទួលគោក ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បើករថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AN-6745 មកឈប់នៅចំណុចកើតហេតុ បានឈប់ដេកនៅខាងក្រោមស្ពានអាកាស៧មករា ជិតនិងប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចលុយ និងទូរស័ព្ទ ហើយគេចខ្លួនបាត់ស្រមោល។
ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ពេលដែលពួកគាត់ដេកលង់លក់មួយភ្លែត ហើយភ្ញាក់ដឹងខ្លួនឡើងវិញ ស្រាប់តែឃើញទ្វាររថយន្តរបើក ហើយបាត់លុយអស់ចំនួនជាង១៣០ដុល្លារ និងលុយខ្មែរជិត៨០ម៉ឺន និងបាត់ទូរស័ព្ទដៃស៊េរីទំនើបចំនួន២គ្រឿង សរុបជាទឹកប្រាបក់ជិត២ពាន់ដុល្លារ។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ កន្លែងកើតហេតុ ហើយបានហៅជនរងគ្រោះទៅប៉ុស្តិ៍ ដើម្បីធ្វើកំណត់ហេតុ ងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមផ្លូវច្បាប់៕