ក្រុង​កោះ​រ៉ុ​ង ៖ ក្រោយ​មាន​អ្នក​តវ៉ា​ច្រើន នៅ​លើ​បណ្តាញ​សង្គម អំពី​បញ្ញត្តិ​របស់​ចៅសង្កាត់​កោះ​រ៉ុ​ង​សន្លឹម ហាម​មិន​អោយ​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​ឆ្កែ ក្រោម​ហេតុផល​ថា ខ្លាច​ខាំ​ដល់​អ្នក​ទេសចរណ៍​នោះ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង មាន​ប្រសាសន៍​ថា «​ឥឡូវនេះ​ អាជ្ញាធរសង្កាត់​កោះ​រ៉ុ​ង​សន្លឹម បាន​ដក​បម្រាម​នោះ​វិញ​ហើយ ដោយ​កែតម្រូវ​ថា ប្រជាពលរដ្ឋ​នៅ​កោះ​រ៉ុ​ង​សន្លឹម អាច​ចិញ្ចឹមសត្វ​ឆ្កែ​បាន ប៉ុន្តែ​ត្រូវ​ចង ឬ​រក្សា​ឃុំគ្រង អោយ​បាន​ល្អ កុំអោយ​ខាំ​គេឯង ឬ​ខាំ​អ្នក​ទេសចរណ៍ ។ ហើយ​ក្នុង​ករណី បើសិន​មាន​សត្វ​ឆ្កែ បាន​ខាំ​គេឯង ឬ​អ្នក​ទេសចរណ៍ ម្ចាស់​ចិញ្ចឹម​នោះ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​» ។

លោក នួន ប៊ុ​ន​ថុ​ល បញ្ជាក់​បែប​នេះ បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹង​មួយ​របស់​លោក ឈឺ​ន ច​ន្ថា ចៅសង្កាត់​កោះ​រ៉ុ​ង​សន្លឹម បាន​ប្រកាស​ឱ្យ​បងប្អូន​ដែល​រស់នៅ​ភូមិ​២ គឺ​ភូមិ​កោះ​តូច និង​ភូមិ​កោះ​រ៉ុ​ង​សន្លឹម បញ្ឈប់​ការ​ចិញ្ចឹមសត្វ​ឆ្កែ ដោយ​ទុក​ពេល​៣០​ថ្ងៃ ដើម្បី​ឱ្យ​យក​ឆ្កែ​ទាំងនោះ​ចេញពី​សង្កាត់ ហើយ​ដល់​ពេល​កំណត់​រដ្ឋបាល​សង្កាត់ នឹង​ចាប់​យក​ទាំងអស់ ។

បើ​តាម​សេចក្ដីជូនដំណឹង​ដដែល បានឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន បាន​រង​គ្រោះ​ដោយសារ​ឆ្កែ​ខាំ ដូចនេះ​រដ្ឋបាល​សង្កាត់​ត្រូវ​ពង្រឹង​វិធាន​ការពារ ដើម្បី​កំណើន​ភ្ញៀវ​ទេសចរ ។ ម្យ៉ាងទៀត ការ​ធ្វើ​បែប​នេះ ក៏​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ សន្តិសុខ​នៅ​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ ។ ពេល​កំណត់ ៣០​ថ្ងៃ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០២ ខែតុលា ខាង​មុខ​នេះ ៕