ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នាជាង១០នាក់បានបើករថយន្ត និងជិះម៉ូតូ៣គ្រឿងទៀត នាំគ្នាសម្រុកចូលទៅកាប់ និងប្រើសឺរ៉ាំងបាញ់ទឹកអាស៊ីដនៅផ្ទះម៉ាស្សាមួយកន្លែង បណ្ដាលឲ្យបុរសជាជនជាតិវៀតណាមម្នាក់រងរបួសភ្នែក។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ បុរសនៅទល់មុខផ្ទះ១២០ ផ្លូវ៣០៤ ស្ថិតក្នុងភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ។


ជនរងគ្រោះជាបុរសជនជាតិវៀតណាមខាងលើ មានវ័យជាង៣០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

មុនពេលកើតហេតុ គេមិនដឹងថាមានរឿងអ្វីពីមុនមកទេ ស្រាប់តែឃើញបុរសៗជាជនសង្ស័យមានគ្នាជាង១០នាក់ជិះម៉ូតូចំនួន៣គ្រឿង និងរថយន្តឡិចស៊ីស ស៊េរីទំនើបមួយគ្រឿង បានលើកបក្ខពួកប្រដាប់ដោយដាវ ញញួរ កាំបិត និងទឹកអាស៊ីដផងនោះ បានសម្រុកចូលផ្ទះម៉ាស្សាខាងលើ វាយកាប់ចាក់ និងប្រើសឺរ៉ាំងបាញ់ទឹកអាស៊ីត បណ្តាលឱ្យបុរសជនជាតិវៀតណាមម្នាក់រងរបួសភ្នែក រួចក្រុមជនសង្ស័យខាងលើ ក៏ បាននាំគ្នាបើករថយន្ត និងម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់វត្ថុតាងមួយចំនួននៅកន្លែងកើតហេតុតែមង្ត ។
ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ សាកសួរ និងប្រមូលវត្ថុតាងមានដូចជា ដាវសាំម៉ូរ៉ៃ១ដើម ញញួរ១ កូនកាំបិតចិត្តបន្លែចំនួន៤ កំប៉ុងដាក់ទឹកអាស៊ីត១ និងសឺរ៉ាំងសំរាប់បាញ់ទឹកអាស៊ីដ១ផង ។
ករណីនេះ សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ គ្រាន់តែសង្ស័យថាជាករណីរឿងគំនុំ ៕