ភ្នំពេញ៖ បុរសជាជាងអគ្គិសនីម្នាក់ លួចខ្សែភ្លើង១ចង្វាយ ច្រកក្នុងកាបូបស្ពាយដើរចេញពីការដ្ឋានសំណង់បុរីប៉េង ហួត បឹងស្នោ មកដល់ច្រកចេញ ត្រូវសន្តិសុខឆែកឃើញ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះថាំង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គីសនី ស្នាក់នៅភូមិទួលរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ។


សមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង១៧ និង០០នាទី ជនសង្ស័យដែលជាជាងអគ្គីសនីនៅក្នុងការដ្ឋានសំណង់បុរីប៉េងហួតខាងលើ បានលួចខ្សែភ្លើង ០១ចង្វាយ ច្រកចូលក្នុងកាបូបស្ពាយ ពណ៌ប្រផេះស្ពាយដើរចេញមកក្រៅ ។ លុះពេលមកដល់ក្លោងទ្វារបុរី ក៏ត្រូវបានសន្តិសុខឃាត់ត្រួតពិនិត្យរកឃើញខ្សែភ្លើង ០១ចង្វាយក្នុងកាបូបស្ពាយ ក៏ឃាត់ខ្លួន រួមនឹងវត្ថុតាងខ្សែភ្លើងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ។


ជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕